1. ក្រោយការទាំងនោះមកមានគេជំរាបយ៉ូសែបថា ឪពុកលោកមានជំងឺឈឺហើយ នោះយ៉ូសែបក៏នាំយកម៉ាន៉ាសេ និងអេប្រាអិម ជាកូនខ្លួនទាំង២ ទៅជាមួយ
2. មានគេជំរាបយ៉ាកុបថា មើល យ៉ូសែបកូនលោកមកដល់ហើយ នោះអ៊ីស្រាអែលគាត់ខំប្រឹងក្រោកអង្គុយឡើងនៅលើគ្រែ។
3. ហើយនិយាយទៅយ៉ូសែបថា ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាទ្រង់បានលេចមកឯអញ ត្រង់លូសក្នុងស្រុកកាណាន ហើយក៏ប្រទានពរឲ្យអញ
4. ដោយព្រះបន្ទូលថា មើល អញនឹងធ្វើឲ្យឯងបង្កើតបានកូនចំរើនជាច្រើនឡើង ឲ្យឯងបានទៅជាពួកច្រើនរួមគ្នាតែ១ អញនឹងឲ្យស្រុកនេះដល់ពូជឯងតទៅ ទុកជាកេរអាករដល់គេនៅអស់កល្បជានិច្ច