1. ក្រោយការទាំងនោះមកមានគេជំរាបយ៉ូសែបថា ឪពុកលោកមានជំងឺឈឺហើយ នោះយ៉ូសែបក៏នាំយកម៉ាន៉ាសេ និងអេប្រាអិម ជាកូនខ្លួនទាំង២ ទៅជាមួយ
2. មានគេជំរាបយ៉ាកុបថា មើល យ៉ូសែបកូនលោកមកដល់ហើយ នោះអ៊ីស្រាអែលគាត់ខំប្រឹងក្រោកអង្គុយឡើងនៅលើគ្រែ។
3. ហើយនិយាយទៅយ៉ូសែបថា ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាទ្រង់បានលេចមកឯអញ ត្រង់លូសក្នុងស្រុកកាណាន ហើយក៏ប្រទានពរឲ្យអញ
4. ដោយព្រះបន្ទូលថា មើល អញនឹងធ្វើឲ្យឯងបង្កើតបានកូនចំរើនជាច្រើនឡើង ឲ្យឯងបានទៅជាពួកច្រើនរួមគ្នាតែ១ អញនឹងឲ្យស្រុកនេះដល់ពូជឯងតទៅ ទុកជាកេរអាករដល់គេនៅអស់កល្បជានិច្ច
5. រីឯកូនប្រុសឯងទាំង២ដែលឯងបានបង្កើតនៅស្រុកអេស៊ីព្ទ គ្រាមុនដែលអញមកឯឯងនៅស្រុកនេះ គឺអេប្រាអិម និងម៉ាន៉ាសេ នោះជារបស់ផងអញដូចជារូបេន និងស៊ីម្មានជារបស់ផងអញដែរ
6. តែពូជដែលឯងនឹងបង្កើតក្រោយទៀត នោះនឹងបានជារបស់ផងឯងវិញ វានឹងត្រូវហៅតាមឈ្មោះបងប្អូនវា ក្នុងចំណែកមរដករបស់គេ
7. ឯអញ កាលមកពីប៉ាដាន់ នោះម្តាយឯងបានស្លាប់ចោលអញទៅ តាមផ្លូវនៅស្រុកកាណាន ក្នុងកាលដែលជិតដល់អេប្រាតាហើយ អញក៏បានកប់សពនៅទីនោះតាមផ្លូវអេប្រាតា គឺជាបេថ្លេហិម។
8. អ៊ីស្រាអែលគាត់ឃើញកូនយ៉ូសែប ក៏សួរថា តើអ្នកណានេះ
9. រួចយ៉ូសែបជំរាបឪពុកថា នេះគឺជាកូនដែលព្រះបានប្រទានឲ្យខ្ញុំនៅស្រុកនេះ គាត់ប្រាប់ថា ចូរនាំវាមកណេះ អញនឹងឲ្យពរដល់វា
10. រីឯអ៊ីស្រាអែល ភ្នែកគាត់ងងឹតដោយសារចាស់ គាត់មើលមិនឃើញច្បាស់ទេ យ៉ូសែបក៏នាំកូនចូលទៅជិត នោះគាត់ក៏ឱបថើបវា