4. គេទូលទ្រង់ថា យើងខ្ញុំសូមចូលមកជ្រកកោននៅក្នុងស្រុកនេះផង ពីព្រោះនៅឯស្រុកកាណាន នោះគ្មានស្មៅឲ្យហ្វូងសត្វរបស់យើងខ្ញុំជាបាវទ្រង់ទេ ដ្បិតនៅស្រុកនោះកើតមានអំណត់ជាខ្លាំងណាស់ ដូច្នេះសូមឲ្យយើងខ្ញុំ ជាបាវទ្រង់ បានជ្រកកោននៅស្រុកកូសែនផង
5. នោះផារ៉ោនមានព្រះបន្ទូលទៅយ៉ូសែបថា ឪពុក និងបងប្អូនអ្នកបានមកឯអ្នកហើយ
6. ដូច្នេះស្រុកអេស៊ីព្ទនៅមុខអ្នកស្រាប់ហើយ ចូរឲ្យឪពុក និងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតចុះ ចូរឲ្យគេនៅក្នុងស្រុកកូសែនទៅ បើអ្នកស្គាល់អ្នកណាក្នុងពួកគេដែលប្រសប់វាងវៃ នោះចូរតាំងគេឡើងឲ្យធ្វើជាមេគង្វាលលើហ្វូងសត្វរបស់យើងផង
7. យ៉ូសែបក៏នាំយ៉ាកុប ជាឪពុកខ្លួន ចូលទៅគាល់ផារ៉ោនដែរ ហើយយ៉ាកុបក៏សូមពរថ្វាយដល់ផារ៉ោន
8. រួចទ្រង់មានព្រះបន្ទូលសួរគាត់ថា អាយុរបស់តាបានប៉ុន្មានហើយ
9. យ៉ាកុបទូលឆ្លើយថា ចំនួនឆ្នាំដែលទូលបង្គំសំចតនៅនោះបានតែ១៣០ឆ្នាំទេ អស់ទាំងឆ្នាំអាយុនៃទូលបង្គំបានតិចណាស់ ហើយអាក្រក់ផង មិនដល់នឹងចំនួនឆ្នាំអាយុ ដែលពួកអយ្យកោរបស់ទូលបង្គំ បានសំចតនៅនោះទេ
10. យ៉ាកុបក៏សូមពរថ្វាយដល់ផារ៉ោនទៀត រួចលាទ្រង់ចេញទៅ
11. យ៉ូសែបក៏ឲ្យឪពុក និងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតក្នុងស្រុក គឺនៅត្រង់រ៉ាមសេស ហើយគាត់ឲ្យគេមានកេរអាករនៅក្នុងស្រុកអេស៊ីព្ទ ដូចជាផារ៉ោនបានបង្គាប់មក
12. យ៉ូសែបតែងចំណាយស្បៀងអាហារចិញ្ចឹមដល់ឪពុក និងបងប្អូន ព្រមទាំងពួកផ្ទះឪពុកទាំងអស់ តាមគ្រួគេផង។
13. នៅគ្រប់ក្នុងស្រុកនោះគ្មានអ្វីបរិភោគសោះ ដ្បិតអំណត់អត់ជាខ្លាំងណាស់ ដល់ម៉្លេះបានជាស្រុកអេស៊ីព្ទ និងស្រុកកាណានបានហិនហោចទៅ ដោយព្រោះអំណត់នោះ