18. ដល់ផុតពីឆ្នាំនោះទៅ ចូលមកឆ្នាំថ្មីទៀត នោះគេមកឯយ៉ូសែបអង្វរថា យើងខ្ញុំមិនលាក់បាំងនឹងលោកម្ចាស់នៃយើងខ្ញុំទេ ដ្បិតប្រាក់របស់យើងខ្ញុំអស់រលីងហើយ ឯហ្វូងសត្វទាំងអស់សោតក៏បានទៅលោកម្ចាស់ដែរ គ្មានសល់អ្វីនៅមុខលោកម្ចាស់នៃយើងខ្ញុំឡើយ នៅសល់តែខ្លួនយើងខ្ញុំនឹងដីរបស់យើងខ្ញុំប៉ុណ្ណោះ
19. ហេតុអ្វីបានជាត្រូវឲ្យយើងខ្ញុំស្លាប់នៅចំពោះលោក ព្រមទាំងដីយើងខ្ញុំផងដូច្នេះ សូមទិញយើងខ្ញុំ និងដីរបស់យើងខ្ញុំប្តូរនឹងអាហារចុះ នោះយើងខ្ញុំ ហើយដីយើងខ្ញុំនឹងនៅបំរើផារ៉ោន សូមចែកពូជមកយើងខ្ញុំ ឲ្យយើងខ្ញុំបានរស់នៅ កុំឲ្យស្លាប់ ហើយកុំឲ្យដីនៅចោលទទេផង។
20. យ៉ូសែបក៏ទិញដី នៅស្រុកអេស៊ីព្ទទាំងអស់ថ្វាយផារ៉ោន ដ្បិតពួកសាសន៍អេស៊ីព្ទគេលក់ស្រែចំការរៀងខ្លួនពីព្រោះគេអត់ជាខ្លាំង ស្រុកនោះក៏ទៅជារបស់ផងផារ៉ោនទាំងអស់
21. ឯពួករាស្ត្រ គាត់ឲ្យគេចូលទៅនៅក្នុងទីក្រុងពីព្រំស្រុកអេស៊ីព្ទម្ខាងទៅដល់ចុងម្ខាង
22. សល់នៅតែដីរបស់ពួកសង្ឃប៉ុណ្ណោះដែលគាត់មិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន លោកឆាន់ចំណែកដែលផារ៉ោនប្រគេន ហេតុនោះបានជាលោកសង្ឃមិនលក់ដីរបស់ខ្លួនទេ។
23. យ៉ូសែបប្រកាសដល់ប្រជាជនទាំងឡាយថា នែឥឡូវនេះខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីរបស់អ្នករាល់ថ្វាយផារ៉ោនហើយ នេះជាពូជឲ្យដល់អ្នករាល់គ្នា ចូរយកទៅសាបព្រោះចុះ
24. ដល់រដូវចំរូត នោះត្រូវឲ្យអ្នករាល់គ្នាយក១ភាគក្នុង៥មកថ្វាយដល់ផារ៉ោនវិញ ហើយ៤ភាគទៀតទុកសំរាប់អ្នករាល់គ្នា គឺទុកជាពូជពង្រោះ និងជាអាហារដល់អ្នករាល់គ្នាចុះ ព្រមទាំងពួកគ្រួអ្នករាល់គ្នាផង ហើយសំរាប់នឹងចិញ្ចឹមកូនចៅអ្នករាល់គ្នា
25. គេក៏ឆ្លើយថា លោកបានជួយសង្គ្រោះជីវិតយើងខ្ញុំហើយ សូមតែឲ្យយើងខ្ញុំបានប្រកបដោយគុណរបស់លោកចុះ នោះយើងខ្ញុំនឹងធ្វើជាបាវបំរើដល់ផារ៉ោន
26. យ៉ូសែបក៏តាំងសេចក្ដីនោះពីដំណើរដីស្រុកអេស៊ីព្ទ ទុកជាច្បាប់ដរាបដល់សព្វថ្ងៃនេះថា ត្រូវថ្វាយ១ភាគក្នុង៥ទៅផារ៉ោន មានតែដីរបស់ពួកសង្ឃប៉ុណ្ណោះទេ ដែលមិនបានទៅជារបស់ផងផារ៉ោន។
27. ឯពួកអ៊ីស្រាអែល គេនៅត្រង់កូសែន ក្នុងស្រុកអេស៊ីព្ទ ហើយបានកេរអាករនៅស្រុកនោះ ក៏បង្កើតកូនចំរើនកើនឡើងសន្ធឹក
28. យ៉ាកុបគាត់រស់នៅក្នុងស្រុកអេស៊ីព្ទ១៧ឆ្នាំ នោះអាយុយ៉ាកុបបាន១៤៧ឆ្នាំហើយ
29. វេលាដែលអ៊ីស្រាអែលត្រូវស្លាប់ នោះកាន់តែជិតដល់ គាត់ហៅយ៉ូសែបជាកូនមកផ្តាំថា បើឯងអាណិតដល់អញឥឡូវ នោះចូរដាក់ដៃនៅក្រោមភ្លៅអញស្បថថា ឯងនឹងប្រព្រឹត្តចំពោះអញដោយសប្បុរសហើយពិតត្រង់ គឺមិនកប់សពអញនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ
30. តែកាលណាអញបានដេកលក់ ទៅជាមួយនឹងពួកអយ្យកោអញហើយ នោះចូរឯងយកសពអញចេញពីស្រុកអេស៊ីព្ទ ទៅកប់នៅក្នុងផ្នូររបស់ពួកអយ្យកោទៅ យ៉ូសែបក៏ទទួលព្រមថា ខ្ញុំនឹងធ្វើសំរេចតាមពាក្យរបស់លោកឪពុក
31. នោះយ៉ាកុបប្រាប់ថា ចូរស្បថឲ្យអញចុះ គាត់ក៏ស្បថជូន រួចអ៊ីស្រាអែលក៏ឱនក្រាបចុះនៅលើក្បាលគ្រែ។