11. យ៉ូសែបក៏ឲ្យឪពុក និងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតក្នុងស្រុក គឺនៅត្រង់រ៉ាមសេស ហើយគាត់ឲ្យគេមានកេរអាករនៅក្នុងស្រុកអេស៊ីព្ទ ដូចជាផារ៉ោនបានបង្គាប់មក
12. យ៉ូសែបតែងចំណាយស្បៀងអាហារចិញ្ចឹមដល់ឪពុក និងបងប្អូន ព្រមទាំងពួកផ្ទះឪពុកទាំងអស់ តាមគ្រួគេផង។
13. នៅគ្រប់ក្នុងស្រុកនោះគ្មានអ្វីបរិភោគសោះ ដ្បិតអំណត់អត់ជាខ្លាំងណាស់ ដល់ម៉្លេះបានជាស្រុកអេស៊ីព្ទ និងស្រុកកាណានបានហិនហោចទៅ ដោយព្រោះអំណត់នោះ
14. យ៉ូសែបប្រមូលប្រាក់ដែលមាននៅស្រុកអេស៊ីព្ទ ហើយនៅស្រុកកាណានទាំងអស់ ជាដំឡៃនៃស្រូវដែលគេទិញនោះ ក៏បញ្ចូលទុកក្នុងឃ្លាំងរបស់ផារ៉ោន
15. រួចកាលប្រាក់ស្រុកអេស៊ីព្ទ និងស្រុកកាណានបានអស់ហើយនោះពួកសាសន៍អេស៊ីព្ទទាំងអស់ ក៏មកឯយ៉ូសែបអង្វរថា សូមចែកស្បៀងអាហារដល់យើងខ្ញុំផង ដ្បិតត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោក ដោយព្រោះតែខ្វះប្រាក់ឬអី
16. យ៉ូសែបក៏ប្រាប់ថា បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះខ្ញុំនឹងឲ្យស្បៀងអាហារប្តូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នាវិញ
17. គេក៏នាំយកហ្វូងសត្វមកឯយ៉ូសែប ហើយគាត់ឲ្យស្បៀងអាហារដល់គេប្តូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលា នៅឆ្នាំនោះគាត់ឲ្យស្បៀងអាហារចិញ្ចឹមគេដោយប្តូរនឹងហ្វូងសត្វ
18. ដល់ផុតពីឆ្នាំនោះទៅ ចូលមកឆ្នាំថ្មីទៀត នោះគេមកឯយ៉ូសែបអង្វរថា យើងខ្ញុំមិនលាក់បាំងនឹងលោកម្ចាស់នៃយើងខ្ញុំទេ ដ្បិតប្រាក់របស់យើងខ្ញុំអស់រលីងហើយ ឯហ្វូងសត្វទាំងអស់សោតក៏បានទៅលោកម្ចាស់ដែរ គ្មានសល់អ្វីនៅមុខលោកម្ចាស់នៃយើងខ្ញុំឡើយ នៅសល់តែខ្លួនយើងខ្ញុំនឹងដីរបស់យើងខ្ញុំប៉ុណ្ណោះ
19. ហេតុអ្វីបានជាត្រូវឲ្យយើងខ្ញុំស្លាប់នៅចំពោះលោក ព្រមទាំងដីយើងខ្ញុំផងដូច្នេះ សូមទិញយើងខ្ញុំ និងដីរបស់យើងខ្ញុំប្តូរនឹងអាហារចុះ នោះយើងខ្ញុំ ហើយដីយើងខ្ញុំនឹងនៅបំរើផារ៉ោន សូមចែកពូជមកយើងខ្ញុំ ឲ្យយើងខ្ញុំបានរស់នៅ កុំឲ្យស្លាប់ ហើយកុំឲ្យដីនៅចោលទទេផង។
20. យ៉ូសែបក៏ទិញដី នៅស្រុកអេស៊ីព្ទទាំងអស់ថ្វាយផារ៉ោន ដ្បិតពួកសាសន៍អេស៊ីព្ទគេលក់ស្រែចំការរៀងខ្លួនពីព្រោះគេអត់ជាខ្លាំង ស្រុកនោះក៏ទៅជារបស់ផងផារ៉ោនទាំងអស់
21. ឯពួករាស្ត្រ គាត់ឲ្យគេចូលទៅនៅក្នុងទីក្រុងពីព្រំស្រុកអេស៊ីព្ទម្ខាងទៅដល់ចុងម្ខាង
22. សល់នៅតែដីរបស់ពួកសង្ឃប៉ុណ្ណោះដែលគាត់មិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន លោកឆាន់ចំណែកដែលផារ៉ោនប្រគេន ហេតុនោះបានជាលោកសង្ឃមិនលក់ដីរបស់ខ្លួនទេ។
23. យ៉ូសែបប្រកាសដល់ប្រជាជនទាំងឡាយថា នែឥឡូវនេះខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីរបស់អ្នករាល់ថ្វាយផារ៉ោនហើយ នេះជាពូជឲ្យដល់អ្នករាល់គ្នា ចូរយកទៅសាបព្រោះចុះ