13. ត្រូវឲ្យជំរាបឪពុកខ្ញុំពីគ្រប់ទាំងសេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ ហើយពីគ្រប់ការទាំងអស់ដែលអ្នករាល់គ្នាបានឃើញផង ត្រូវឲ្យប្រញាប់ទៅនាំយកឪពុកខ្ញុំចុះមកឯណេះកុំខាន
14. នោះគាត់ឱបកបេនយ៉ាមីនជាប្អូនហើយយំ បេនយ៉ាមីនក៏យំនៅកគាត់ដែរ
15. គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយរោះរាយនឹងគាត់។
16. ដំណឹងនោះបានឮទៅដល់ក្នុងដំណាក់ផារ៉ោនថា បងប្អូនយ៉ូសែបបានមកដល់ហើយ សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន និងពួកមហាតលិកទ្រង់
17. រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែប ឲ្យប្រាប់ដល់ពួកបងប្អូនថា ត្រូវធ្វើដូច្នេះ គឺឲ្យផ្ទុកសត្វរបស់ឯងរាល់គ្នាទៅឯស្រុកកាណានទៅ
18. រួចនាំយកឪពុក និងពួកគ្រួសាររបស់ឯងរាល់គ្នាមកឯណេះ អញនឹងឲ្យទីកន្លែងដ៏ល្អក្នុងស្រុកអេស៊ីព្ទដល់ឯងរាល់គ្នា នោះឯងរាល់គ្នានឹងបានបរិភោគរបស់ល្អបំផុតនៅស្រុកនេះតទៅ
19. ឯងបានទទួលបង្គាប់ហើយ ដូច្នេះចូរធ្វើយ៉ាងនេះចុះ គឺឲ្យយករទេះពីស្រុកអេស៊ីព្ទនេះទៅ សំរាប់ប្រពន្ធឯងរាល់គ្នាព្រមទាំងកូនតូចៗផង ហើយបញ្ជិះឪពុកឯងរាល់គ្នានាំចុះមកឯណេះ
20. កុំឲ្យស្តាយរបស់ទ្រព្យឯងរាល់គ្នាឡើយ ពីព្រោះគ្រប់ទាំងរបស់ល្អនៅស្រុកអេស៊ីព្ទទាំងមូល ជារបស់ផងឯងរាល់គ្នាហើយ។