11. នៅស្រុកនោះខ្ញុំនឹងចិញ្ចឹមលោកឪពុក ក្រែងលោកឪពុកអន្តរាយទៅ គឺទាំងលោកឪពុក និងពួកគ្រួសារលោកឪពុក ហើយនឹងរបស់លោកត្រូវឪពុកទាំងអស់ដែរ ដ្បិតត្រូវមានអំណត់៥ឆ្នាំទៀត
12. មើលភ្នែកបងរាល់គ្នា និងភ្នែកបេនយ៉ាមីន ជាប្អូនខ្ញុំក៏ឃើញជាក់ថា គឺជាមាត់របស់ខ្លួនខ្ញុំនេះហើយដែលនិយាយនឹងអ្នករាល់គ្នា
13. ត្រូវឲ្យជំរាបឪពុកខ្ញុំពីគ្រប់ទាំងសេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ ហើយពីគ្រប់ការទាំងអស់ដែលអ្នករាល់គ្នាបានឃើញផង ត្រូវឲ្យប្រញាប់ទៅនាំយកឪពុកខ្ញុំចុះមកឯណេះកុំខាន
14. នោះគាត់ឱបកបេនយ៉ាមីនជាប្អូនហើយយំ បេនយ៉ាមីនក៏យំនៅកគាត់ដែរ
15. គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយរោះរាយនឹងគាត់។
16. ដំណឹងនោះបានឮទៅដល់ក្នុងដំណាក់ផារ៉ោនថា បងប្អូនយ៉ូសែបបានមកដល់ហើយ សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន និងពួកមហាតលិកទ្រង់
17. រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែប ឲ្យប្រាប់ដល់ពួកបងប្អូនថា ត្រូវធ្វើដូច្នេះ គឺឲ្យផ្ទុកសត្វរបស់ឯងរាល់គ្នាទៅឯស្រុកកាណានទៅ
18. រួចនាំយកឪពុក និងពួកគ្រួសាររបស់ឯងរាល់គ្នាមកឯណេះ អញនឹងឲ្យទីកន្លែងដ៏ល្អក្នុងស្រុកអេស៊ីព្ទដល់ឯងរាល់គ្នា នោះឯងរាល់គ្នានឹងបានបរិភោគរបស់ល្អបំផុតនៅស្រុកនេះតទៅ
19. ឯងបានទទួលបង្គាប់ហើយ ដូច្នេះចូរធ្វើយ៉ាងនេះចុះ គឺឲ្យយករទេះពីស្រុកអេស៊ីព្ទនេះទៅ សំរាប់ប្រពន្ធឯងរាល់គ្នាព្រមទាំងកូនតូចៗផង ហើយបញ្ជិះឪពុកឯងរាល់គ្នានាំចុះមកឯណេះ
20. កុំឲ្យស្តាយរបស់ទ្រព្យឯងរាល់គ្នាឡើយ ពីព្រោះគ្រប់ទាំងរបស់ល្អនៅស្រុកអេស៊ីព្ទទាំងមូល ជារបស់ផងឯងរាល់គ្នាហើយ។
21. ពួកកូនអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយយ៉ូសែបគាត់ឲ្យរទេះទៅគេតាមបង្គាប់ផារ៉ោន ក៏ឲ្យស្បៀងអាហារបរិភោគតាមផ្លូវផង
22. គាត់ឲ្យសំលៀកបំពាក់ពីរបីបន្លាស់ដល់គ្រប់គ្នា តែគាត់បានឲ្យប្រាក់៣០០ដួង និងសំលៀកបំពាក់៥បន្លាស់ដល់បេនយ៉ាមីន
23. រួចក៏ផ្ញើទៅជូនឪពុកយ៉ាងនេះ គឺលា១០ ផ្ទុកសុទ្ធតែរបស់ល្អពីស្រុកអេស៊ីព្ទ ហើយលាញី១០ ផ្ទុកសុទ្ធតែស្រូវ ព្រមទាំងនំបុ័ងនឹងស្បៀងសំរាប់ឪពុកមកតាមផ្លូវ
24. គាត់ក៏បញ្ជូនឲ្យបងប្អូនទៅ ដោយពាក្យបណ្តាំថា កុំឲ្យឈ្លោះប្រកែកគ្នាតាមផ្លូវណ៎ះ នោះគេក៏នាំគ្នាចេញទៅ។