1. យ៉ូសែបខំអត់ទប់ នៅមុខពួកអ្នកទាំងប៉ុន្មានដែលនៅជិតគាត់ពុំបាន ក៏បន្លឺវាចាថា ចូរឲ្យមនុស្សទាំងអស់ថយចេញពីអញទៅ ដូច្នេះកំពុងដែលយ៉ូសែបថ្លែងឲ្យពួកបងប្អូនស្គាល់ខ្លួន នោះគ្មានមនុស្សណាមួយឈរនៅជិតខាងឡើយ
2. គាត់ឡើងសំឡេងយំ ឯពួកសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង
3. គាត់ប្រាប់ទៅបងប្អូនថា ខ្ញុំនេះជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ទេឬ ឯបងប្អូនគាត់ឆ្លើយមិនបាន ពីព្រោះគេស្រឡាំងកាំងទាំងអស់គ្នានៅមុខគាត់
4. តែយ៉ូសែបនិយាយទៅបងប្អូនថា សូមមកជិតខ្ញុំ គេក៏ចូលទៅជិត រួចគាត់ប្រាប់ថា ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់មកនៅស្រុកអេស៊ីព្ទនេះ
5. ឥឡូវនេះកុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក
6. ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ឬច្រូតកាត់អ្វីឡើយ
7. ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ
8. ដូច្នេះមិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង
9. ចូរអ្នករាល់គ្នាប្រញាប់ឡើងទៅឪពុកខ្ញុំ និងជំរាបគាត់ថា យ៉ូសែបជាកូនលោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញចុះមកឯខ្ញុំ កុំបង្អង់ឡើយ
10. លោកឪពុកនឹងបាននៅក្នុងស្រុកកូសែន ជាស្រុកជិតខ្ញុំនោះ គឺទាំងលោកឪពុក និងកូនចៅរបស់លោកឪពុកទាំងអស់ ហើយនឹងហ្វូងចៀមហ្វូងគោ ព្រមទាំងរបស់លោកឪពុកទាំងប៉ុន្មានផង
11. នៅស្រុកនោះខ្ញុំនឹងចិញ្ចឹមលោកឪពុក ក្រែងលោកឪពុកអន្តរាយទៅ គឺទាំងលោកឪពុក និងពួកគ្រួសារលោកឪពុក ហើយនឹងរបស់លោកត្រូវឪពុកទាំងអស់ដែរ ដ្បិតត្រូវមានអំណត់៥ឆ្នាំទៀត
12. មើលភ្នែកបងរាល់គ្នា និងភ្នែកបេនយ៉ាមីន ជាប្អូនខ្ញុំក៏ឃើញជាក់ថា គឺជាមាត់របស់ខ្លួនខ្ញុំនេះហើយដែលនិយាយនឹងអ្នករាល់គ្នា