លោកុប្បត្តិ 44:21-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. តែ​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា ចូរ​នាំ​វា​ចុះ​មក​ឯ​លោក​កុំ​ខាន ឲ្យ​លោក​បាន​ឃើញ​ផង

22. យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​ម្ចាស់​វិញ​ថា កូន​នោះ​នឹង​ឃ្លាត​ចេញ​ពី​ឪពុក​មក​មិន​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពី​គាត់ នោះ​គាត់​នឹង​ស្លាប់​ហើយ

23. តែ​លោក​បាន​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា បើ​ប្អូន​ពៅ​មិន​ចុះ​មក​ជា​មួយ​ទេ នោះ​យើង​ខ្ញុំ​មិន​បាន​ឃើញ​មុខ​លោក​ទៀត

24. ដូច្នេះ​កាល​យើង​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​ឪពុក​ដែល​ជា​អ្នក​បំរើ​លោក នោះ​យើង​ខ្ញុំ​ក៏​ជំរាប​គាត់​តាម​ពាក្យ​របស់​លោក​ម្ចាស់

25. រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សំរាប់​យើង​ទៀត

26. តែ​យើង​ខ្ញុំ​បាន​ប្រកែក​ថា យើង​ខ្ញុំ​ទៅ​ពុំ​បាន​ទេ បើ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ នោះ​ទើប​យើង​ខ្ញុំ​នឹង​ទៅ​បាន ដ្បិត​យើង​ខ្ញុំ​នឹង​ឃើញ​មុខ​លោក​នោះ​មិន​បាន​ទេ លើក​តែ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ​ផង

27. ឪពុក​យើង​ខ្ញុំ​ដែល​ជា​អ្នក​បំរើ​លោក​គាត់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​ដឹង​ថា ប្រពន្ធ​អញ​បាន​បង្កើត​កូន​ប្រុស​២​ឲ្យ​អញ

28. មួយ​បាន​ឃ្លាត​ចាក​ពី​អញ​ទៅ​បាត់​ហើយ អញ​ក៏​គិត​ថា ប្រាកដ​ជា​មាន​សត្វ​ហែក​វា​ស៊ី​មែន អញ​មិន​ដែល​ឃើញ​វា​ទៀត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

29. ឥឡូវ​បើ​ឯង​រាល់​គ្នា​យក​កូន​នេះ​ពី​អញ​ទៅ​ទៀត ហើយ​ជួន​ជា​កើត​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​អញ​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ហើយ

30. ដូច្នេះ​បើ​កាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់ ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ

31. នោះ​គាត់​នឹង​ស្លាប់​ជា​ពិត​ដោយ​មិន​ឃើញ​កូន​នេះ យ៉ាង​នោះ​យើង​ខ្ញុំ​ប្របាទ​ឈ្មោះ​ថា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ពិត​មែន

32. ពី​ព្រោះ​ខ្ញុំ​ប្របាទ​បាន​និយាយ​ធានា​ពី​ដំណើរ​កូន​នេះ​នឹង​ឪពុក​ថា បើ​កាល​ណា​មិន​បាន​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​ទោស​ចំពោះ​លោក​ឪពុក​ជា​ដរាប

លោកុប្បត្តិ 44