10. តែអ្នកនោះនិយាយថា ដូច្នេះសូមឲ្យបានដូចជាពាក្យអ្នកចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា ឲ្យអ្នកនោះត្រូវធ្វើជាបាវខ្ញុំចុះ តែអ្នកឯទៀតនឹងបានរួចទោសវិញ
11. នោះគេក៏ប្រញាប់ប្រញាល់ នឹងដាក់បាវស្រូវចុះមកដី ហើយស្រាយចេញគ្រប់គ្នា
12. រួចអ្នកនោះជ្រាវរាវរកចាប់តាំងពីបងច្បងទៅដល់ប្អូនពៅ ឃើញមានពែងនោះនៅក្នុងបាវរបស់បេនយ៉ាមីន
13. នោះគេក៏ហែកសំលៀកបំពាក់ រួចផ្ទុកលាត្រឡប់ទៅឯទីក្រុងវិញទាំងអស់គ្នា។
14. យូដា និងបងប្អូននាំគ្នាចូលទៅក្នុងផ្ទះយ៉ូសែបដែលនៅផ្ទះនៅឡើយ ក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីនៅចំពោះគាត់
15. នោះយ៉ូសែបនិយាយគំរាមទៅគេថា ឯងរាល់គ្នាបានធ្វើអ្វីដូច្នេះ តើមិនដឹងថា មនុស្សយ៉ាងអញចេះចាប់យាមទេឬអី
16. យូដាឆ្លើយឡើងថា យើងខ្ញុំនឹងឆ្លើយតបនឹងលោកម្ចាស់នៃយើងខ្ញុំដូចម្តេចបាន តើនឹងនិយាយអ្វីឬដោះសាខ្លួនយើងខ្ញុំជាយ៉ាងណាបាន ព្រះទ្រង់បានឃើញសេចក្ដីទុច្ចរិតរបស់យើងខ្ញុំប្របាទហើយ មើល យើងខ្ញុំត្រូវធ្វើជាបាវបំរើរបស់លោកម្ចាស់ គឺទាំងខ្លួនយើងខ្ញុំ និងអ្នក១ដែលឃើញមានពែងនៅដៃនោះផង
17. តែគាត់ឆ្លើយថា អញមិនធ្វើដូច្នោះទេ អ្នកណាដែលបានឃើញមានពែងនៅដៃវា គឺអ្នកនោះឯងដែលត្រូវធ្វើជាបាវរបស់អញ ឯឯងរាល់គ្នាវិញ ត្រូវឡើងត្រឡប់ទៅឯឪពុកឯងដោយសុខសាន្តចុះ។
18. យូដាគាត់ក៏ចូលទៅជិតអង្វរយ៉ូសែបថា ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមបើកឲ្យខ្ញុំប្របាទជាបាវលោកជំរាបជូនលោកស្តាប់១ម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទជាអ្នកបំរើលោកឡើយ ពីព្រោះលោកក៏ដូចជាផារ៉ោនហើយ
19. លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា តើមានឪពុកមានបងប្អូនឬទេ
20. នោះយើងខ្ញុំបានឆ្លើយជំរាបលោកម្ចាស់ថា យើងខ្ញុំមានឪពុកចាស់ ហើយនឹងប្អូនតូច១ដែលកើតមកក្នុងកាលដែលគាត់ចាស់ដែរ បងវាបានស្លាប់ទៅ ហើយក្នុងកូនពោះមួយនឹងវា នោះនៅសល់តែវាម្នាក់ឯងទេ ហើយឪពុកស្រឡាញ់វាណាស់
21. តែលោកមានប្រសាសន៍មកយើងខ្ញុំប្របាទថា ចូរនាំវាចុះមកឯលោកកុំខាន ឲ្យលោកបានឃើញផង
22. យើងខ្ញុំក៏បានជំរាបលោកម្ចាស់វិញថា កូននោះនឹងឃ្លាតចេញពីឪពុកមកមិនបានទេ ដ្បិតបើវាឃ្លាតចេញពីគាត់ នោះគាត់នឹងស្លាប់ហើយ
23. តែលោកបានមានប្រសាសន៍មកយើងខ្ញុំប្របាទថា បើប្អូនពៅមិនចុះមកជាមួយទេ នោះយើងខ្ញុំមិនបានឃើញមុខលោកទៀត
24. ដូច្នេះកាលយើងខ្ញុំបានឡើងទៅដល់ឪពុកដែលជាអ្នកបំរើលោក នោះយើងខ្ញុំក៏ជំរាបគាត់តាមពាក្យរបស់លោកម្ចាស់
25. រួចមកឪពុកយើងខ្ញុំប្រាប់ថា ចូរទៅទិញស្បៀងអាហារសំរាប់យើងទៀត
26. តែយើងខ្ញុំបានប្រកែកថា យើងខ្ញុំទៅពុំបានទេ បើប្អូនពៅបានទៅជាមួយ នោះទើបយើងខ្ញុំនឹងទៅបាន ដ្បិតយើងខ្ញុំនឹងឃើញមុខលោកនោះមិនបានទេ លើកតែប្អូនពៅបានទៅជាមួយផង
27. ឪពុកយើងខ្ញុំដែលជាអ្នកបំរើលោកគាត់មានប្រសាសន៍មកយើងខ្ញុំថា ឯងរាល់គ្នាដឹងថា ប្រពន្ធអញបានបង្កើតកូនប្រុស២ឲ្យអញ