1. យ៉ូសែបបង្គាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះទៅ តាមដែលគេដឹកនាំទៅបាន រួចយកប្រាក់គេដាក់ទៅក្នុងមាត់បាវវិញ
2. ហើយយកពែងប្រាក់របស់អញ ដាក់ចុះក្នុងមាត់បាវនៃអ្នកដែលក្មេងជាងគេនោះ ព្រមទាំងប្រាក់ជាដំឡៃស្រូវផង អ្នកនោះក៏ធ្វើតាមបង្គាប់យ៉ូសែប
3. លុះភ្លឺឡើងហើយ នោះក៏បញ្ជូនឲ្យអ្នកទាំងនោះទៅ និងលារបស់គេដែរ
4. តែកាលគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន នោះយ៉ូសែបប្រាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូររៀបចំដេញតាមមនុស្សទាំងនោះទៅ កាលណាឯងបានទាន់គេ នោះត្រូវនិយាយយ៉ាងនេះថា ហេតុអ្វីបានជាឯងរាល់គ្នាធ្វើការអាក្រក់ស្នងនឹងការល្អដូច្នេះ
5. តើពែងនោះមិនមែនជាពែងដែលចៅហ្វាយអញផឹក ហើយដែលលោកប្រើសំរាប់នឹងទាយទេឬអី ដែលឯងរាល់គ្នាបានធ្វើដូច្នេះ នោះអាក្រក់ណាស់។
6. អ្នកនោះក៏ទៅបានទាន់គេ ហើយនិយាយនឹងគេតាមពាក្យទាំងនោះ
7. គេប្រកែកឡើងថា ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ យើងខ្ញុំប្របាទមិនដែលធ្វើដូច្នោះឡើយ
8. មើល ដូចជាប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ នោះយើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយដែរ ដូច្នេះធ្វើដូចម្តេចឲ្យយើងខ្ញុំបានលួចយកប្រាក់ឬមាសពីផ្ទះចៅហ្វាយរបស់លោកមកបាន
9. បើឃើញមាននៅនឹងរូបអ្នកណាក្នុងពួកយើងខ្ញុំប្របាទនេះ សូមឲ្យអ្នកនោះទទួលស្លាប់ចុះ ហើយយើងខ្ញុំរាល់គ្នានឹងធ្វើជាបាវរបស់លោកតទៅ
10. តែអ្នកនោះនិយាយថា ដូច្នេះសូមឲ្យបានដូចជាពាក្យអ្នកចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា ឲ្យអ្នកនោះត្រូវធ្វើជាបាវខ្ញុំចុះ តែអ្នកឯទៀតនឹងបានរួចទោសវិញ
11. នោះគេក៏ប្រញាប់ប្រញាល់ នឹងដាក់បាវស្រូវចុះមកដី ហើយស្រាយចេញគ្រប់គ្នា
12. រួចអ្នកនោះជ្រាវរាវរកចាប់តាំងពីបងច្បងទៅដល់ប្អូនពៅ ឃើញមានពែងនោះនៅក្នុងបាវរបស់បេនយ៉ាមីន
13. នោះគេក៏ហែកសំលៀកបំពាក់ រួចផ្ទុកលាត្រឡប់ទៅឯទីក្រុងវិញទាំងអស់គ្នា។
14. យូដា និងបងប្អូននាំគ្នាចូលទៅក្នុងផ្ទះយ៉ូសែបដែលនៅផ្ទះនៅឡើយ ក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីនៅចំពោះគាត់
15. នោះយ៉ូសែបនិយាយគំរាមទៅគេថា ឯងរាល់គ្នាបានធ្វើអ្វីដូច្នេះ តើមិនដឹងថា មនុស្សយ៉ាងអញចេះចាប់យាមទេឬអី
16. យូដាឆ្លើយឡើងថា យើងខ្ញុំនឹងឆ្លើយតបនឹងលោកម្ចាស់នៃយើងខ្ញុំដូចម្តេចបាន តើនឹងនិយាយអ្វីឬដោះសាខ្លួនយើងខ្ញុំជាយ៉ាងណាបាន ព្រះទ្រង់បានឃើញសេចក្ដីទុច្ចរិតរបស់យើងខ្ញុំប្របាទហើយ មើល យើងខ្ញុំត្រូវធ្វើជាបាវបំរើរបស់លោកម្ចាស់ គឺទាំងខ្លួនយើងខ្ញុំ និងអ្នក១ដែលឃើញមានពែងនៅដៃនោះផង
17. តែគាត់ឆ្លើយថា អញមិនធ្វើដូច្នោះទេ អ្នកណាដែលបានឃើញមានពែងនៅដៃវា គឺអ្នកនោះឯងដែលត្រូវធ្វើជាបាវរបស់អញ ឯឯងរាល់គ្នាវិញ ត្រូវឡើងត្រឡប់ទៅឯឪពុកឯងដោយសុខសាន្តចុះ។
18. យូដាគាត់ក៏ចូលទៅជិតអង្វរយ៉ូសែបថា ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមបើកឲ្យខ្ញុំប្របាទជាបាវលោកជំរាបជូនលោកស្តាប់១ម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទជាអ្នកបំរើលោកឡើយ ពីព្រោះលោកក៏ដូចជាផារ៉ោនហើយ