5. តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ នោះយើងខ្ញុំក៏មិនចុះទៅដែរ ពីព្រោះអ្នកនោះបានប្រាប់យើងខ្ញុំថា ឯងរាល់គ្នាលែងបានឃើញមុខអញទៀតហើយ លើកតែប្អូនឯងមកជាមួយ
6. នោះអ៊ីស្រាអែលគាត់និយាយថា ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តអាក្រក់នឹងអញដល់ម៉្លេះ ដោយប្រាប់អ្នកនោះថា មានប្អូន១ទៀត
7. គេឆ្លើយថា អ្នកនោះបានសាកសួរយើងខ្ញុំយ៉ាងល្អិតណាស់ ពីដំណើរយើងខ្ញុំ និងញាតិសន្តាននៃយើងខ្ញុំថា តើឪពុកឯងរាល់គ្នានៅរស់ទេឬ តើមានប្អូន១ទៀតឬទេ យើងខ្ញុំក៏បានជំរាបលោកតាមពាក្យទាំងនោះទៅ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានដឹងថា លោកនឹងប្រាប់ឲ្យនាំប្អូនយើងចុះទៅដូច្នេះ
8. នោះយូដាក៏អង្វរអ៊ីស្រាអែលជាឪពុកថា សូមឲ្យកូនកំឡោះទៅជាមួយនឹងខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំទៅ ដើម្បីឲ្យយើងខ្ញុំ ព្រមទាំងលោកឪពុក ហើយនឹងកូនចៅយើងខ្ញុំទាំងអស់គ្នាបាននៅរស់ កុំឲ្យស្លាប់
9. ខ្ញុំនឹងធានាពីដំណើរវា លោកឪពុកនឹងទារវាពីដៃខ្ញុំវិញ បើខ្ញុំមិននាំវាមកជូនដល់លោកឪពុក ឲ្យបាននៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសជាដរាបចុះ
10. ដ្បិតបើយើងខ្ញុំមិនបានបង្អង់នៅ នោះប្រាកដជាយើងខ្ញុំបានទៅមក២សាហើយ
11. អ៊ីស្រាអែលជាឪពុកក៏ប្រាប់ថា បើដូច្នេះធ្វើយ៉ាងនេះចុះ ចូរយកផលយ៉ាងល្អៗពីស្រុកនេះដាក់ចុះក្នុងបាវរបស់ឯងរាល់គ្នាយកទៅជូនលោកផង គឺជ័រពិដោរ និងទឹកឃ្មុំបន្តិច ព្រមទាំងគ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ឈើ និងគ្រាប់ចំបក់
12. ហើយយកប្រាក់១ជា២នៅដៃឯងរាល់គ្នាទៅ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងលោកគេច្រឡំ
13. រួចឲ្យនាំយកប្អូនឯងវិលទៅឯអ្នកនោះចុះ
14. សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បណ្តាលឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបើកឲ្យបងឯង ហើយនឹងបេនយ៉ាមីនមកវិញដែរ ណ្ហើយចុះ បើអញត្រូវអត់កូន នោះក៏ត្រូវតែទ្រាំអត់ទៅចុះ។
15. គេក៏យកជំនូនទាំងនោះ និងប្រាក់១ជា២នៅដៃ ហើយនាំបេនយ៉ាមីនទៅដែរ រួចគេក្រោកឡើងចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខយ៉ូសែប
16. កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកដំរួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសំឡាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់
17. អ្នកនោះក៏នាំគេចូលទៅក្នុងផ្ទះតាមបង្គាប់យ៉ូសែប
18. គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង
19. គេក៏ចូលទៅឯអ្នកដំរួតដែលត្រួតលើផ្ទះយ៉ូសែប និយាយនឹងគាត់នៅត្រង់មាត់ទ្វារថា
20. ឱលោកម្ចាស់ខ្ញុំអើយ កាលមុននោះយើងខ្ញុំបានចុះមកទិញស្បៀងអាហារ