16. កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកដំរួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសំឡាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់
17. អ្នកនោះក៏នាំគេចូលទៅក្នុងផ្ទះតាមបង្គាប់យ៉ូសែប
18. គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង
19. គេក៏ចូលទៅឯអ្នកដំរួតដែលត្រួតលើផ្ទះយ៉ូសែប និយាយនឹងគាត់នៅត្រង់មាត់ទ្វារថា
20. ឱលោកម្ចាស់ខ្ញុំអើយ កាលមុននោះយើងខ្ញុំបានចុះមកទិញស្បៀងអាហារ
21. រួចកាលយើងខ្ញុំបានទៅដល់ទីសំណាក់ នោះយើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់របស់យើងខ្ញុំគ្រប់ចំនួននៅក្នុងបាវរៀងខ្លួន ឥឡូវយើងខ្ញុំបានយកប្រាក់នោះមកវិញនៅដៃយើងខ្ញុំនេះ
22. ក៏បានយកប្រាក់ផ្សេងសំរាប់នឹងទិញស្បៀងអាហារនៅដៃយើងខ្ញុំដែរ យើងខ្ញុំមិនដឹងជាអ្នកណាបានដាក់ប្រាក់នោះទៅក្នុងបាវទេ
23. តែអ្នកនោះឆ្លើយថា ចូរឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ កុំឲ្យខ្លាចឡើយ គឺព្រះនៃអ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នា ទ្រង់បានប្រទានទ្រព្យមកក្នុងបាវរបស់អ្នករាល់គ្នាទេ ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ រួចអ្នកនោះនាំស៊ីម្មានចេញមកឯគេ
24. ហើយក៏នាំគេចូលទៅក្នុងផ្ទះយ៉ូសែប ទាំងយកទឹកមកឲ្យលាងជើង រួចគាត់យកចំបើងឲ្យលាគេស៊ីដែរ
25. ឯគេក៏រៀបចំជំនូនចាំយ៉ូសែបមកដល់នៅពេលថ្ងៃត្រង់ ដ្បិតគេបានឮថា ខ្លួនគេត្រូវបរិភោគបាយនៅទីនោះ។
26. កាលយ៉ូសែបបានមកដល់ផ្ទះ នោះគេយកជំនូនដែលនៅដៃនាំចូលទៅក្នុងផ្ទះជូនគាត់ ហើយក្រាបផ្កាប់មុខដល់ដីចំពោះគាត់
27. គាត់ក៏សួរពីសេចក្ដីសុខទុក្ខរបស់គេថា តើលោកតា ជាឪពុកអ្នករាល់គ្នា ដែលបានប្រាប់ខ្ញុំនោះ គាត់នៅរស់ហើយសុខសប្បាយជាទេឬ
28. គេឆ្លើយថា ឪពុកយើងខ្ញុំជាអ្នកបំរើលោកគាត់រស់នៅហើយសុខសប្បាយជាទេ រួចក៏ឱនគោរពដល់គាត់។
29. លុះយ៉ូសែបក្រឡេកភ្នែកទៅ ឃើញបេនយ៉ាមីនជាប្អូនពោះមួយនឹងខ្លួន នោះក៏សួរថា នេះគឺជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬអី ហើយក៏និយាយទៅប្អូនថា កូនអើយ សូមព្រះអង្គទ្រង់ប្រោសមេត្តាដល់ឯង
30. យ៉ូសែបក៏ប្រញាប់ប្រញាល់ទៅរកកន្លែងយំ ពីព្រោះគាត់មានសេចក្ដីក្តួលនឹងប្អូនខ្លាំងណាស់ នោះគាត់ចូលទៅយំក្នុងបន្ទប់
31. រួចលប់មុខចេញមកវិញ ទាំងខំទប់ ហើយប្រាប់ថា ចូរលើកម្ហូបមក
32. គេក៏លើកមកជូនគាត់ដោយខ្លួន ឲ្យអ្នកទាំងនោះដោយខ្លួន ហើយឲ្យពួកសាសន៍អេស៊ីព្ទ ដែលបរិភោគជាមួយនឹងគាត់ ដោយខ្លួនដែរ ពីព្រោះពួកសាសន៍អេស៊ីព្ទ គេគ្មានច្បាប់នឹងបរិភោគជាមួយនឹងពួកសាសន៍ហេព្រើរទេ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ