13. រួចឲ្យនាំយកប្អូនឯងវិលទៅឯអ្នកនោះចុះ
14. សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បណ្តាលឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបើកឲ្យបងឯង ហើយនឹងបេនយ៉ាមីនមកវិញដែរ ណ្ហើយចុះ បើអញត្រូវអត់កូន នោះក៏ត្រូវតែទ្រាំអត់ទៅចុះ។
15. គេក៏យកជំនូនទាំងនោះ និងប្រាក់១ជា២នៅដៃ ហើយនាំបេនយ៉ាមីនទៅដែរ រួចគេក្រោកឡើងចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខយ៉ូសែប
16. កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកដំរួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសំឡាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់
17. អ្នកនោះក៏នាំគេចូលទៅក្នុងផ្ទះតាមបង្គាប់យ៉ូសែប
18. គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង
19. គេក៏ចូលទៅឯអ្នកដំរួតដែលត្រួតលើផ្ទះយ៉ូសែប និយាយនឹងគាត់នៅត្រង់មាត់ទ្វារថា
20. ឱលោកម្ចាស់ខ្ញុំអើយ កាលមុននោះយើងខ្ញុំបានចុះមកទិញស្បៀងអាហារ
21. រួចកាលយើងខ្ញុំបានទៅដល់ទីសំណាក់ នោះយើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់របស់យើងខ្ញុំគ្រប់ចំនួននៅក្នុងបាវរៀងខ្លួន ឥឡូវយើងខ្ញុំបានយកប្រាក់នោះមកវិញនៅដៃយើងខ្ញុំនេះ
22. ក៏បានយកប្រាក់ផ្សេងសំរាប់នឹងទិញស្បៀងអាហារនៅដៃយើងខ្ញុំដែរ យើងខ្ញុំមិនដឹងជាអ្នកណាបានដាក់ប្រាក់នោះទៅក្នុងបាវទេ
23. តែអ្នកនោះឆ្លើយថា ចូរឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ កុំឲ្យខ្លាចឡើយ គឺព្រះនៃអ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នា ទ្រង់បានប្រទានទ្រព្យមកក្នុងបាវរបស់អ្នករាល់គ្នាទេ ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ រួចអ្នកនោះនាំស៊ីម្មានចេញមកឯគេ
24. ហើយក៏នាំគេចូលទៅក្នុងផ្ទះយ៉ូសែប ទាំងយកទឹកមកឲ្យលាងជើង រួចគាត់យកចំបើងឲ្យលាគេស៊ីដែរ
25. ឯគេក៏រៀបចំជំនូនចាំយ៉ូសែបមកដល់នៅពេលថ្ងៃត្រង់ ដ្បិតគេបានឮថា ខ្លួនគេត្រូវបរិភោគបាយនៅទីនោះ។
26. កាលយ៉ូសែបបានមកដល់ផ្ទះ នោះគេយកជំនូនដែលនៅដៃនាំចូលទៅក្នុងផ្ទះជូនគាត់ ហើយក្រាបផ្កាប់មុខដល់ដីចំពោះគាត់
27. គាត់ក៏សួរពីសេចក្ដីសុខទុក្ខរបស់គេថា តើលោកតា ជាឪពុកអ្នករាល់គ្នា ដែលបានប្រាប់ខ្ញុំនោះ គាត់នៅរស់ហើយសុខសប្បាយជាទេឬ