27. លុះកាលអ្នកម្នាក់បានស្រាយបាវ និងយកស្រូវឲ្យលាស៊ី នៅត្រង់ផ្ទះសំណាក់ នោះស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ
28. គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។
29. លុះគេទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណានហើយ នោះក៏រ៉ាយរ៉ាប់ជំរាបគាត់ពីគ្រប់ទាំងការដែលបានកើតឡើងដល់គេថា
30. អ្នកដែលជាចៅហ្វាយនៅស្រុកនោះ លោកបាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយបានទុកយើងជាពួកលបសង្កេតស្រុក
31. យើងខ្ញុំបានជំរាបលោកថា យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាពួកលបសង្កេតស្រុកទេ
32. ហើយថា យើងខ្ញុំមានបងប្អូន១២នាក់ជាកូននៃឪពុកតែ១ កូន១មិននៅទៀតទេ ហើយកូនពៅវានៅជាមួយនឹងឪពុករបស់យើងខ្ញុំ នៅស្រុកកាណានសព្វថ្ងៃនេះ
33. តែអ្នកដែលជាចៅហ្វាយនៃស្រុកនោះ លោកនិយាយមកយើងខ្ញុំថា គឺយ៉ាងនេះដែលអញនឹងដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវឲ្យទុកបងប្អូនឯងម្នាក់នៅនឹងអញសិន រួចនាំយកស្រូវសំរាប់ពួកគ្រួឯងរាល់គ្នាដែលអត់នោះចេញទៅចុះ
34. ហើយនាំប្អូនឯងមកឯអញ នោះអញនឹងដឹងថា ឯងរាល់គ្នាមិនមែនជាពួកលបសង្កេតស្រុកឡើយ គឺជាមនុស្សទៀងត្រង់ពិត រួចសឹមអញនឹងលែងឲ្យបងប្អូនឯងម្នាក់នេះដល់ឯងវិញ ព្រមទាំងបើកឲ្យឯងរាល់គ្នាចេញចូលបានក្នុងស្រុកនេះផង។
35. កាលគេបានចាក់ស្រូវចេញពីបាវទៅ នោះក៏ឃើញកញ្ចប់ប្រាក់របស់គេរៀងខ្លួននៅក្នុងបាវ រួចគេ និងឪពុកគេមានសេចក្ដីភ័យញ័រ ដោយឃើញកញ្ចប់ប្រាក់ទាំងនោះ
36. យ៉ាកុបជាឪពុកនិយាយថា ឯងរាល់គ្នាបានបំបាត់កូនអញទៅ គឺយ៉ូសែបមិននៅទៀត ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវឯងចង់យកបេនយ៉ាមីនទៅទៀតឬ សេចក្ដីទាំងនេះជាទំនាស់នឹងអញហើយ