21. រួចគេនិយាយគ្នាគេថា ប្រាកដជាយើងមានទោសដោយព្រោះប្អូនយើងហើយ ពីព្រោះយើងបានឃើញសេចក្ដីទុក្ខព្រួយក្នុងចិត្តវា ក្នុងកាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ គឺដោយហេតុនោះឯង បានជាសេចក្ដីទុក្ខព្រួយនេះបានធ្លាក់មកលើយើងរាល់គ្នាវិញ
22. នោះរូបេនឆ្លើយឡើងថា តើអញមិនបានហាមឯងរាល់គ្នាទេឬអីថា កុំឲ្យធ្វើបាបវាឡើយ តែឯងរាល់គ្នាមិនព្រមស្តាប់តាមអញសោះ មើលន៏ឥឡូវឈាមវាបានទារវិញហើយ
23. គេមិនដឹងថាយ៉ូសែបស្តាប់បានទេ ពីព្រោះមានអ្នកបកភាសាឲ្យ
24. គាត់ក៏ងាកបែរចេញពីគេទៅយំ រួចត្រឡប់មកនិយាយនឹងគេវិញ ទើបយកស៊ីម្មានពីពួកគេមកចងនៅមុខគេ។
25. យ៉ូសែបគាត់បង្គាប់ឲ្យច្រកស្រូវឲ្យពេញបាវគេ ហើយដាក់ប្រាក់គេចុះទៅក្នុងបាវរៀងខ្លួនវិញ ព្រមទាំងឲ្យស្បៀងអាហារសំរាប់បរិភោគតាមផ្លូវផង នោះក៏បានធ្វើឲ្យគេដូច្នោះ
26. គេផ្ទុកស្រូវលើលាចេញពីនោះទៅ
27. លុះកាលអ្នកម្នាក់បានស្រាយបាវ និងយកស្រូវឲ្យលាស៊ី នៅត្រង់ផ្ទះសំណាក់ នោះស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ
28. គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។
29. លុះគេទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណានហើយ នោះក៏រ៉ាយរ៉ាប់ជំរាបគាត់ពីគ្រប់ទាំងការដែលបានកើតឡើងដល់គេថា
30. អ្នកដែលជាចៅហ្វាយនៅស្រុកនោះ លោកបាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយបានទុកយើងជាពួកលបសង្កេតស្រុក
31. យើងខ្ញុំបានជំរាបលោកថា យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាពួកលបសង្កេតស្រុកទេ
32. ហើយថា យើងខ្ញុំមានបងប្អូន១២នាក់ជាកូននៃឪពុកតែ១ កូន១មិននៅទៀតទេ ហើយកូនពៅវានៅជាមួយនឹងឪពុករបស់យើងខ្ញុំ នៅស្រុកកាណានសព្វថ្ងៃនេះ
33. តែអ្នកដែលជាចៅហ្វាយនៃស្រុកនោះ លោកនិយាយមកយើងខ្ញុំថា គឺយ៉ាងនេះដែលអញនឹងដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវឲ្យទុកបងប្អូនឯងម្នាក់នៅនឹងអញសិន រួចនាំយកស្រូវសំរាប់ពួកគ្រួឯងរាល់គ្នាដែលអត់នោះចេញទៅចុះ
34. ហើយនាំប្អូនឯងមកឯអញ នោះអញនឹងដឹងថា ឯងរាល់គ្នាមិនមែនជាពួកលបសង្កេតស្រុកឡើយ គឺជាមនុស្សទៀងត្រង់ពិត រួចសឹមអញនឹងលែងឲ្យបងប្អូនឯងម្នាក់នេះដល់ឯងវិញ ព្រមទាំងបើកឲ្យឯងរាល់គ្នាចេញចូលបានក្នុងស្រុកនេះផង។
35. កាលគេបានចាក់ស្រូវចេញពីបាវទៅ នោះក៏ឃើញកញ្ចប់ប្រាក់របស់គេរៀងខ្លួននៅក្នុងបាវ រួចគេ និងឪពុកគេមានសេចក្ដីភ័យញ័រ ដោយឃើញកញ្ចប់ប្រាក់ទាំងនោះ
36. យ៉ាកុបជាឪពុកនិយាយថា ឯងរាល់គ្នាបានបំបាត់កូនអញទៅ គឺយ៉ូសែបមិននៅទៀត ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវឯងចង់យកបេនយ៉ាមីនទៅទៀតឬ សេចក្ដីទាំងនេះជាទំនាស់នឹងអញហើយ
37. រូបេនឆ្លើយទៅឪពុកថា បើខ្ញុំមិននាំវាមកវិញ នោះសូមសំឡាប់កូនប្រុសខ្ញុំទាំង២ចុះ សូមឲ្យវាមកខ្ញុំៗនឹងនាំវាមកជូនលោកឪពុកវិញជាមិនខាន
38. តែយ៉ាកុបប្រកែកថា កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញ ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយទុក្ខព្រួយហើយ។