11. យើងខ្ញុំរាល់គ្នាមានឪពុកតែ១ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ពិត មិនមែនជាពួកលបសង្កេតទេ
12. តែគាត់តបទៅគេថា ទេ ពិតជាឯងរាល់គ្នាបានមក ដើម្បីមើលស្រុកដែលនៅទទេជាយ៉ាងណាហើយ
13. នោះគេឆ្លើយថា យើងខ្ញុំប្របាទមានបងប្អូន១២នាក់ ជាកូនមានឪពុកតែ១នៅស្រុកកាណាន មើល សព្វថ្ងៃនេះ កូនពៅបាននៅជាមួយនឹងឪពុករបស់យើងខ្ញុំ ហើយកូន១ទៀតមិននៅទេ
14. យ៉ូសែបឆ្លើយតបថា គឺដូចជាអញបានប្រាប់ឯងរាល់គ្នាហើយ ថាឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ
15. អញនឹងល្បងសាកឯងរាល់គ្នាមើលដូច្នេះ គឺអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកតែប្អូនពៅឯងបានមកឯណេះសិន
16. ចូរឯងចាត់គ្នាឯងម្នាក់ឲ្យទៅនាំប្អូនពៅមក តែត្រូវចងឯងរាល់គ្នាទុកនៅទីនេះ ដើម្បីនឹងល្បងសាកមើលចំពោះពាក្យសំដីឯងឲ្យដឹងជានិយាយពិតឬទេ បើមិនពិតទេ នោះអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកមែន
17. រួចគាត់ឃុំគេទុកនៅអស់៣ថ្ងៃ។
18. លុះដល់៣ថ្ងៃក្រោយមក នោះយ៉ូសែបគាត់និយាយទៅគេថា ចូរធ្វើដូច្នេះចុះ ដើម្បីឲ្យបានរស់នៅ ដ្បិតអញជាអ្នកគោរពកោតខ្លាចដល់ព្រះ
19. បើឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន នោះចូរឲ្យបងប្អូនឯងម្នាក់នៅជាប់ចំណងក្នុងគុកនេះសិន តែឯងរាល់គ្នាឯទៀតត្រូវនាំយកស្រូវទៅឲ្យពួកផ្ទះឯងដែលអត់ចុះ
20. រួចឲ្យនាំប្អូនពៅឯងមកឯអញកុំខាន យ៉ាងនោះនឹងបានដឹងថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាក៏មិនត្រូវស្លាប់ផង គេក៏ធ្វើដូច្នោះ
21. រួចគេនិយាយគ្នាគេថា ប្រាកដជាយើងមានទោសដោយព្រោះប្អូនយើងហើយ ពីព្រោះយើងបានឃើញសេចក្ដីទុក្ខព្រួយក្នុងចិត្តវា ក្នុងកាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ គឺដោយហេតុនោះឯង បានជាសេចក្ដីទុក្ខព្រួយនេះបានធ្លាក់មកលើយើងរាល់គ្នាវិញ
22. នោះរូបេនឆ្លើយឡើងថា តើអញមិនបានហាមឯងរាល់គ្នាទេឬអីថា កុំឲ្យធ្វើបាបវាឡើយ តែឯងរាល់គ្នាមិនព្រមស្តាប់តាមអញសោះ មើលន៏ឥឡូវឈាមវាបានទារវិញហើយ
23. គេមិនដឹងថាយ៉ូសែបស្តាប់បានទេ ពីព្រោះមានអ្នកបកភាសាឲ្យ
24. គាត់ក៏ងាកបែរចេញពីគេទៅយំ រួចត្រឡប់មកនិយាយនឹងគេវិញ ទើបយកស៊ីម្មានពីពួកគេមកចងនៅមុខគេ។
25. យ៉ូសែបគាត់បង្គាប់ឲ្យច្រកស្រូវឲ្យពេញបាវគេ ហើយដាក់ប្រាក់គេចុះទៅក្នុងបាវរៀងខ្លួនវិញ ព្រមទាំងឲ្យស្បៀងអាហារសំរាប់បរិភោគតាមផ្លូវផង នោះក៏បានធ្វើឲ្យគេដូច្នោះ
26. គេផ្ទុកស្រូវលើលាចេញពីនោះទៅ
27. លុះកាលអ្នកម្នាក់បានស្រាយបាវ និងយកស្រូវឲ្យលាស៊ី នៅត្រង់ផ្ទះសំណាក់ នោះស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ
28. គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។