1. រីឯយ៉ាកុប គាត់ឃើញថា ស្រុកអេស៊ីព្ទមានស្រូវ នោះគាត់និយាយទៅពួកកូនថា ហេតុអ្វីបានជាឯងរាល់គ្នាមើលមុខគ្នាទៅវិញទៅមកដូច្នេះ
2. គាត់ប្រាប់ថា នែ អញបានឮថាស្រុកអេស៊ីព្ទមានស្រូវ ដូច្នេះចូរឯងរាល់គ្នាចុះទៅឯណោះ ដើម្បីទិញពីនោះមកសំរាប់យើងចុះ ឲ្យយើងបានរស់នៅកុំឲ្យស្លាប់
3. នោះបងយ៉ូសែបទាំង១០នាក់ ក៏ចុះទៅទិញស្រូវឯស្រុកអេស៊ីព្ទ
4. តែយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនយ៉ូសែប ទៅជាមួយនឹងពួកបងៗទេ ដោយនឹកខ្លាចថា ក្រែងកើតមានគ្រោះថ្នាក់ដល់វា
5. ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ
6. ឯយ៉ូសែប គាត់ជាចៅហ្វាយលើស្រុកនោះ គឺគាត់ហើយ ដែលជាអ្នកលក់ស្រូវឲ្យដល់បណ្តាមនុស្សនៅផែនដី ពួកបងគាត់ក៏ចូលទៅក្រាបផ្កាប់មុខដល់ដីចំពោះគាត់
7. កាលយ៉ូសែបឃើញពួកបង នោះក៏ស្គាល់គេ តែគាត់ធ្វើដូចជាអ្នកដទៃនឹងគេវិញ ហើយនិយាយដោយតឹងរ៉ឹងថា មកពីណា គេឆ្លើយថា យើងខ្ញុំមកពីស្រុកកាណានដើម្បីនឹងទិញស្បៀងអាហារ
8. យ៉ូសែបស្គាល់ពួកបងជាក់ តែគេមិនស្គាល់គាត់ទេ
9. គាត់ក៏នឹកឃើញពីសប្តិដែលបានយល់សប្តិពីដំណើរគេ រួចនិយាយទៅគេថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ ឯងបានមកដើម្បីនឹងមើលស្រុកនេះ ដែលនៅទទេជាយ៉ាងណាហើយ
10. តែគេឆ្លើយថា ទេ លោកម្ចាស់ខ្ញុំអើយ យើងខ្ញុំប្របាទបានគ្រាន់តែមកទិញស្បៀងអាហារប៉ុណ្ណោះទេ