8. លុះព្រឹកឡើងទ្រង់មានព្រះទ័យវិតក្កណាស់ ទើបចាត់គេឲ្យទៅហៅពួកហោរ និងពួកអ្នកប្រាជ្ញ នៅស្រុកអេស៊ីព្ទមក រួចទ្រង់សំដែងប្រាប់សុបិននោះដល់គេ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយថ្វាយទ្រង់បានឡើយ។
9. នោះនាយពិសេសថ្វាយពែងក៏ទូលទៅផារ៉ោនថា ថ្ងៃនេះ ទូលបង្គំនឹកឃើញពីសេចក្ដីកំហុសរបស់ទូលបង្គំហើយ
10. ទ្រង់ព្រះករុណាបានខ្ញាល់នឹងពួកអ្នកបំរើទ្រង់ ហើយក៏ឃុំទូលបង្គំ និងមេពួកអ្នកដុតនំទុកក្នុងគុករបស់មេក្រុមរក្សាទ្រង់
11. យើងខ្ញុំទាំង២នាក់បានយល់សប្តិក្នុងយប់តែ១ ហើយដែលយើងខ្ញុំបានយល់សប្តិនោះ ក៏មានសេចក្ដីសំរាយផ្សេងពីគ្នា
12. នៅទីនោះមានមនុស្សកំឡោះសាសន៍ហេព្រើរម្នាក់ ជាបាវរបស់មេក្រុមរក្សាទ្រង់បាននៅជាមួយនឹងយើងខ្ញុំ ហើយយើងខ្ញុំក៏រ៉ាយរ៉ាប់សប្តិប្រាប់ដល់គាត់ រួចគាត់បានកាត់ស្រាយឲ្យយើងខ្ញុំតាមសប្តិរៀងរាល់ខ្លួន
13. នោះក៏កើតដល់យើងខ្ញុំដូចគាត់បានកាត់ស្រាយមែន ឯទូលបង្គំ គាត់កាត់ថា នឹងបានតាំងឡើងក្នុងដំណែងដើមរបស់ទូលបង្គំ ហើយអ្នក១នោះគាត់កាត់ថា នឹងត្រូវចងព្យួរវិញ។
14. នោះផារ៉ោន ទ្រង់ចាត់គេ ឲ្យទៅហៅយ៉ូសែបមក គេក៏ទៅនាំគាត់ចេញពីគុកជ្រៅនោះមកជាប្រញាប់ គាត់កោរពុកមាត់ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅគាល់ផារ៉ោន
15. ផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែបថា យើងបានយល់សប្តិ តែគ្មានអ្នកណាចេះកាត់សោះ ឥឡូវបានឮនិយាយពីឯងថា ឯងចេះកាត់សប្តិបាន
16. យ៉ូសែបទូលឆ្លើយទៅផារ៉ោនថា ការនោះមិនស្រេចលើទូលបង្គំទេ គឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្ដីសុខវិញ
17. ផារ៉ោនមានព្រះបន្ទូលទៅយ៉ូសែបថា ក្នុងសប្តិរបស់យើងនោះឃើញថា យើងឈរនៅមាត់ទន្លេ
18. ស្រាប់តែមានគោញី៧ មានសាច់ធាត់ល្អឡើងពីទន្លេមកស៊ីនៅទីវាល
19. រួចឃើញមានគោញី៧ទៀតឡើងមកតាមក្រោយ វាស្គមហើយអាក្រក់មើលណាស់ គឺស្គមដល់ម៉្លេះបានជាយើងមិនដែលឃើញសត្វអាក្រក់យ៉ាងនោះ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទផង