40. គឺឯងនេះហើយ ដែលត្រូវកាន់កាប់ត្រួតត្រាលើជនជាតិរបស់យើង ហើយរាស្ត្រយើងទាំងអស់នឹងចុះចូលតាមបង្គាប់ឯង យើងនឹងធំជាងឯងតែនៅបល្ល័ង្ករាជ្យប៉ុណ្ណោះ
41. រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែបថា នែ យើងតាំងឯងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលហើយ
42. ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង
43. ទ្រង់ឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខថា ចូរក្រាបចុះទាំងអស់គ្នាទៅ ដូច្នេះទ្រង់បានតាំងគាត់ឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូល
44. ផារ៉ោនទ្រង់ក៏មានព្រះបន្ទូលទៅយ៉ូសែបថា យើងនេះជាផារ៉ោន បើឯងមិនបង្គាប់ នោះគ្មានអ្នកណានឹងលើកដៃលើកជើង នៅគ្រប់ក្នុងស្រុកអេស៊ីព្ទទេ
45. ផារ៉ោនក៏ហៅឈ្មោះយ៉ូសែបថា សាប់ន៉ាត់-ផានា ក៏ឲ្យនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ រួចយ៉ូសែបចេញដើរទៅពេញក្នុងស្រុកអេស៊ីព្ទ។
46. កាលយ៉ូសែបឈរនៅចំពោះផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ នោះគាត់មានអាយុ៣០ឆ្នាំហើយ គាត់ក៏ចេញពីចំពោះផារ៉ោន ដើរទៅពេញក្នុងស្រុកអេស៊ីព្ទទាំងអស់
47. នៅក្នុងឆ្នាំសម្បូរទាំង៧នោះ ដីបានបង្កើតផលជាបរិបូរ
48. គាត់ក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ក្នុងរវាង៧ឆ្នាំនោះ ហើយបានទុកស្បៀងទាំងនោះនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺថា ស្បៀងពីស្រែចំការដែលនៅជុំវិញទីក្រុងណា នោះគាត់បានប្រមូលទុកក្នុងដីក្រុងនោះឯង
49. យ៉ូសែបបានប្រមូលស្រូវយ៉ាងសន្ធឹកណាស់ ដូចជាខ្សាច់នៅនាសមុទ្រ ទាល់តែគាត់លែងរាប់ពីព្រោះរាប់មិនបាន
50. គ្រាមុនដែលកើតមានឆ្នាំអំណត់ នោះយ៉ូសែបមានកូនប្រុស២ ដែលនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ
51. យ៉ូសែបឲ្យកូនច្បងឈ្មោះថា ម៉ាន៉ាសេ ដោយគិតថា ព្រះទ្រង់បានធ្វើឲ្យអញភ្លេចសេចក្ដីទុក្ខលំបាករបស់អញទាំងប៉ុន្មាន ព្រមទាំងពួកគ្រួឪពុកអញផង
52. ហើយកូន១ទៀតគាត់ឲ្យឈ្មោះថា អេប្រាអិម ដោយគិតថា ព្រះទ្រង់បានប្រទានឲ្យអញមានកូន នៅក្នុងស្រុកនៃសេចក្ដីទុក្ខព្រួយរបស់អញ។
53. គ្រានោះឆ្នាំសម្បូរទាំង៧នៅស្រុកអេស៊ីព្ទ ក៏កន្លងផុតទៅ
54. ឯឆ្នាំអំណត់ទាំង៧ក៏ចាប់តាំងផ្តើមឡើង ដូចជាយ៉ូសែបបានទាយមែន ក៏មានអំណត់នៅគ្រប់ស្រុកទាំងអស់ តែនៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ
55. កាលជនក្នុងស្រុកអេស៊ីព្ទទាំងអស់បានអត់ឃ្លាន ហើយគេស្រែកសូមអាហារពីផារ៉ោន នោះទ្រង់មានព្រះបន្ទូលទៅពួកសាសន៍អេស៊ីព្ទទាំងអស់ថា ចូរទៅឯយ៉ូសែបទៅ ហើយធ្វើតាមដែលលោកបង្គាប់ចុះ
56. នោះមានអំណត់អត់នៅពេញលើផែនដី រួចយ៉ូសែបគាត់បើកគ្រប់ទាំងជង្រុកស្រូវលក់ទៅពួកសាសន៍អេស៊ីព្ទ អំណត់នោះកាន់តែខ្លាំងឡើងនៅស្រុកអេស៊ីព្ទ