25. យ៉ូសែបគាត់ទូលទៅផារ៉ោនថា ឯសុបិនរបស់ទ្រង់ព្រះករុណា នោះតែ១ទេ ព្រះបានសំដែងឲ្យព្រះករុណាជ្រាបពីការដែលរៀបនឹងធ្វើ
26. ឯគោញីល្អទាំង៧នោះគឺជា៧ឆ្នាំ ហើយគួរស្រូវល្អទាំង៧ នោះគឺជាឆ្នាំ៧នោះដែរ គឺជាសុបិនតែ១ទេ
27. គោញីសំគមហើយអាក្រក់មើលទាំង៧ដែលឡើងតាមក្រោយមក នោះគឺជា៧ឆ្នាំ ឯគួរស្រូវទទេដែលស្កកដោយខ្យល់ពីទិសខាងកើត នោះនឹងត្រូវជា៧ឆ្នាំអំណត់
28. គឺសេចក្ដីនេះឯងដែលទូលបង្គំបានទូលដល់ទ្រង់ព្រះករុណាថា សេចក្ដីដែលព្រះរៀបនឹងធ្វើ នោះទ្រង់បានសំដែងឲ្យទ្រង់ព្រះករុណាជ្រាបហើយ
29. គឺថានឹងត្រូវមាន៧ឆ្នាំដែលសម្បូរនៅពេញក្នុងស្រុកអេស៊ីព្ទ
30. រួចក្រោយនោះទៅនឹងមានអំណត់៧ឆ្នាំវិញ នោះគេនឹងភ្លេចពីផលបរិបូរក្នុងស្រុកអេស៊ីព្ទអស់ ដ្បិតអំណត់នោះនឹងបង្ហិនស្រុកនេះទៅ
31. គេនឹងលែងស្គាល់សេចក្ដីបរិបូរនៅក្នុងស្រុកទៀត ដោយព្រោះអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះនឹងបានខ្លាំងណាស់
32. ហើយដែលព្រះករុណាបានទ្រង់សុបិនឃើញ២ដង នោះគឺដោយព្រោះព្រះបានសំរេចការនោះ ហើយក៏ប្រញាប់នឹងធ្វើដែរ។
33. ដូច្នេះ គួរតែព្រះករុណាពិនិត្យរកមនុស្សមានដំរិះមានប្រាជ្ញា ដើម្បីនឹងតាំងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទៅ
34. គួរឲ្យទ្រង់ព្រះករុណាបានធ្វើដូច្នោះ ហើយតាំងឲ្យមានពួកដំរួតនៅក្នុងស្រុក សំរាប់ឲ្យហូតយក១ភាគក្នុង៥ ពីអស់ទាំងផលក្នុងស្រុកអេស៊ីព្ទ នៅរវាង៧ឆ្នាំដែលសម្បូរផង
35. ឲ្យគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំងល្អដែលត្រូវមកនេះ ហើយទុកស្រូវនៅក្រោមអំណាចទ្រង់ព្រះករុណា សំរាប់ជាអាហារនៅក្នុងទីក្រុងទាំងប៉ុន្មាន ហើយឲ្យអ្នកទាំងនោះគ្រប់គ្រងរក្សាទុក