16. យ៉ូសែបទូលឆ្លើយទៅផារ៉ោនថា ការនោះមិនស្រេចលើទូលបង្គំទេ គឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្ដីសុខវិញ
17. ផារ៉ោនមានព្រះបន្ទូលទៅយ៉ូសែបថា ក្នុងសប្តិរបស់យើងនោះឃើញថា យើងឈរនៅមាត់ទន្លេ
18. ស្រាប់តែមានគោញី៧ មានសាច់ធាត់ល្អឡើងពីទន្លេមកស៊ីនៅទីវាល
19. រួចឃើញមានគោញី៧ទៀតឡើងមកតាមក្រោយ វាស្គមហើយអាក្រក់មើលណាស់ គឺស្គមដល់ម៉្លេះបានជាយើងមិនដែលឃើញសត្វអាក្រក់យ៉ាងនោះ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទផង
20. គោសំគមហើយអាក្រក់មើលនោះក៏ស៊ីលេបគោញីមុន ដែលធាត់ៗទាំង៧អស់ទៅ
21. តែកាលបានស៊ីទៅហើយ នោះក៏មិនដឹងជាបានស៊ីអ្វីផង ដ្បិតនៅតែអាក្រក់មើលដូចកាលពីមុនដែរ នោះយើងក៏ភ្ញាក់ឡើង
22. រួចយល់សប្តិទៀតថា មានគួរស្រូវ៧ មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១
23. រួចមានគួរ៧ទៀតមានគ្រាប់តូចៗ ស្វិតហើយស្កកដោយខ្យល់ពីទិសខាងកើត បែកឡើងជាខាងក្រោយ
24. ហើយគួរស្រូវគ្រាប់តូចៗក៏លេបគួរដែលមានគ្រាប់ធំថ្លោសទាំង៧នោះទៅ យើងបានរ៉ាយរ៉ាប់សប្តិនេះប្រាប់ដល់ពួកហោរដែរ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយឲ្យយើងបានសោះ។
25. យ៉ូសែបគាត់ទូលទៅផារ៉ោនថា ឯសុបិនរបស់ទ្រង់ព្រះករុណា នោះតែ១ទេ ព្រះបានសំដែងឲ្យព្រះករុណាជ្រាបពីការដែលរៀបនឹងធ្វើ
26. ឯគោញីល្អទាំង៧នោះគឺជា៧ឆ្នាំ ហើយគួរស្រូវល្អទាំង៧ នោះគឺជាឆ្នាំ៧នោះដែរ គឺជាសុបិនតែ១ទេ