6. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរកាអ៊ីនថា ឯងខឹងធ្វើអី ហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញូវដូច្នេះ
7. បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេឬអី បើឯងធ្វើមិនល្អ នោះមានដង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្តោយតាមឯង ហើយឯងមានអំណាចលើវាដែរ។
8. កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ
9. ព្រះយេហូវ៉ាក៏មានព្រះបន្ទូលសួរកាអ៊ីនថា អេបិលប្អូនឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី
10. នោះទ្រង់មានព្រះបន្ទូលសួរថា ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ
11. ឥឡូវនេះ ឯងត្រូវដីដាក់បណ្តាសាដោយបានទទួលឈាមនៃប្អូនពីដៃឯង
12. កាលណាឯងធ្វើស្រែចំការ នោះដីនឹងមិនបង្កើតផលឲ្យឯងដ៏ពេញកំឡាំងទៀតទេ ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ
13. នោះកាអ៊ីនទូលទៅព្រះយេហូវ៉ាថា ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ និងទ្រាំទ្រមិនបានទេ
14. មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់