12. កាលណាឯងធ្វើស្រែចំការ នោះដីនឹងមិនបង្កើតផលឲ្យឯងដ៏ពេញកំឡាំងទៀតទេ ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ
13. នោះកាអ៊ីនទូលទៅព្រះយេហូវ៉ាថា ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ និងទ្រាំទ្រមិនបានទេ
14. មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់
15. តែព្រះយេហូវ៉ាមានព្រះបន្ទូលទៅគាត់ថា ដូច្នេះបើអ្នកណាដែលសំឡាប់ឯង នោះនឹងត្រូវទោស១ជា៧សួនរួចព្រះយេហូវ៉ាទ្រង់ក៏ដៅចំណាំកាអ៊ីន ដើម្បីកុំឲ្យអ្នកណាដែលឃើញគាត់បានសំឡាប់បង់ឡើយ។
16. នោះកាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ា ទៅនៅឯស្រុកណូឌ ខាងកើតអេដែនទៅ។
17. ហើយកាអ៊ីនបានស្គាល់ប្រពន្ធគាត់ នោះនាងមានផ្ទៃពោះបង្កើតបានអេណុក គាត់ក៏សង់ទីក្រុង១ ហើយដាក់ឈ្មោះទីក្រុងនោះតាមឈ្មោះអេណុកកូនខ្លួន
18. អេណុកបង្កើតបានអ៊ីរ៉ាឌៗបង្កើតមហ៊ូយ៉ែលៗបង្កើតមទូសែល ហើយមទូសែលបង្កើតឡាមេក
19. ឯឡាមេកគាត់យកប្រពន្ធ២មួយឈ្មោះអ័ដា មួយទៀតឈ្មោះស៊ីឡា
20. នាងអ័ដាបង្កើតបានយ៉ាបាលដែលជាឪពុកនៃអស់ពួកអ្នកនៅក្នុងត្រសាល ហើយមានហ្វូងសត្វ
21. ប្អូនគាត់ឈ្មោះយូបាល ជាឪពុកនៃពួកអ្នកលេងស៊ុង និងខ្លុយ
22. ឯនាងស៊ីឡាក៏បង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន និងជាងដែក ប្អូនស្រីទូបាល-កាអ៊ីន គឺនាងន៉ាអាម៉ា។