10. ឯនាងចេះតែនិយាយនឹងយ៉ូសែបជារាល់ថ្ងៃ តែគាត់មិនព្រមស្តាប់តាម និងទៅដេកជាមួយនឹងនាង ឬនឹងទៅជិតនាងសោះ
11. មានកាល១ថ្ងៃនោះ គាត់ចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ
12. នោះនាងក៏ចាប់អាវគាត់ ទាំងនិយាយថា មកដេកនឹងអញសិន តែគាត់រលាស់អាវចោល នៅដៃនាង រត់ចេញទៅក្រៅទៅ
13. កាលនាងឃើញថា គាត់ចោលអាវនៅដៃហើយរត់ចេញទៅដូច្នោះ
14. នោះនាងក៏ហៅពួកអ្នកផ្ទះមកប្រាប់ថា ឃើញឬទេ លោកបាននាំសាសន៍ហេព្រើរនេះមកឲ្យមើលងាយយើង វាបានចូលមកចង់ដេកនឹងអញ តែអញបានស្រែកជាខ្លាំង
15. កាលវាឮអញឡើងសំឡេងស្រែក នោះវាទុកអាវចោលនៅខាងអញនេះរត់ចេញទៅក្រៅបាត់
16. នាងក៏ដាក់អាវយ៉ូសែបទុកនៅក្បែរខ្លួន ចាំទំរាំតែចៅហ្វាយគាត់វិលមកផ្ទះវិញ
17. រួចនាងជំរាបលោកតាមពាក្យដដែលនោះថា អាបាវសាសន៍ហេព្រើរដែលលោកបាននាំមកឯយើងរាល់គ្នា វាចូលមកចង់មើលងាយខ្ញុំ
18. តែកាលខ្ញុំស្រែកឡើង នោះវារត់ទៅក្រៅទុកអាវចោលនៅក្បែរខ្ញុំនេះ
19. កាលចៅហ្វាយគាត់បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវលោកបានប្រព្រឹត្តនឹងនាងដូច្នោះ នោះលោកមានចិត្តឆួលក្តៅឡើង
20. ហើយក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលសំរាប់ឃុំពួកអ្នកទោសរបស់ស្តេច គាត់ក៏ជាប់នៅក្នុងគុកនោះ។
21. តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្ដីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង
22. មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ការអ្វីៗដែលគេធ្វើនៅក្នុងគុក នោះគឺជាគាត់ដែលបង្កើតការនោះ
23. មេភូឃុំលែងត្រួតត្រាមើលអ្វីទាំងអស់ដែលនៅក្រោមអំណាចគាត់ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគាត់ ហើយការអ្វីដែលគាត់ធ្វើ នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក។