13. មានគេទៅប្រាប់ដល់តាម៉ារថា មើល ឪពុកក្មេកនាងរៀបឡើងទៅឯធីមណា ដើម្បីកាត់រោមចៀមរបស់គាត់ហើយ
14. ដូច្នេះ នាងដោះសំលៀកបំពាក់កាន់ទុក្ខចេញ រួចក៏យកស្បៃមកគ្រលុំខ្លួនបាំងមុខ ទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែមតាមផ្លូវទៅឯធីមណា ដ្បិតនាងឃើញថាសេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ
15. កាលយូដាឃើញនាង នោះគាត់ស្មានថា ជាស្រីសំផឹង ដ្បិតនាងបានបាំងមុខ
16. នោះគាត់ក៏បែរទៅឯនាងតាមផ្លូវនិយាយថា ចូរយើងទៅ សូមឲ្យខ្ញុំចូលទៅឯនាងឥឡូវ ពីព្រោះគាត់មិនដឹងថា នាងជាកូនប្រសាទេ តែនាងសួរថា តើអ្នកនឹងឲ្យអ្វីដល់ខ្ញុំខ្លះ ដែលអ្នកចូលមកឯខ្ញុំនេះ
17. គាត់ឆ្លើយថា ខ្ញុំនឹងផ្ញើកូនពពែ១ពីហ្វូងមកឲ្យ តែនាងសួរថា អ្នកមានអ្វីនឹងបញ្ចាំចិត្តខ្ញុំឬទេ ទំរាំតែបានផ្ញើពពែនោះមកដល់
18. គាត់តបថា តើចង់ឲ្យខ្ញុំឲ្យអ្វីបញ្ចាំចិត្តនាង រួចនាងឆ្លើយថា សូមឲ្យត្រា និងខ្សែ ហើយដំបងដែលអ្នកកាន់នៅដៃនោះមក គាត់ក៏ឲ្យដល់នាង រួចចូលទៅឯនាង ហើយនាងក៏មានទំងន់ដោយសារគាត់
19. នោះនាងក្រោកឡើងចេញទៅដោះស្បៃពីខ្លួនចេញ រួចពាក់អាវកាន់ទុក្ខរបស់ខ្លួនវិញ
20. យូដាគាត់ផ្ញើកូនពពែទៅជា១នឹងសំឡាញ់គាត់ ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ
21. រួចគាត់សួរពួកអ្នកដែលនៅកន្លែងនោះថា ស្រីសំផឹងដែលអង្គុយនៅមាត់ផ្លូវជិតអេណែម នោះតើនៅឯណា គេឆ្លើយថា គ្មានស្រីសំផឹងណានៅទីនេះទេ
22. រួចគាត់វិលទៅឯយូដាប្រាប់ថា ខ្ញុំរកមិនឃើញទេ ហើយពួកអ្នកដែលនៅកន្លែងនោះក៏ប្រាប់ថា គ្មានស្រីសំផឹងណានៅទីនោះដែរ