លោកុប្បត្តិ 38:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ យូដា​គាត់​ឃ្លាត​ចេញ​ពី​ពួក​បង​ប្អូន​ចូល​ទៅ​នៅ​ជា​មួយ​នឹង​មនុស្ស​ម្នាក់​ដែល​នៅ​អាឌូឡាម​ឈ្មោះ​ហ៊ីរ៉ា

2. នៅ​ទី​នោះ យូដា​ឃើញ​ស្រី​ក្រមុំ​ម្នាក់​របស់​សាសន៍​កាណាន ឈ្មោះ​ស៊ូអា គាត់​ក៏​យក​នាង​នោះ ហើយ​ចូល​ទៅ​ឯ​នាង

3. នាង​ក៏​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ គាត់​ឲ្យ​ឈ្មោះ​ថា អ៊ើរ

4. នាង​មាន​ទំងន់​ទៀត​បង្កើត​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា អូណាន់

5. រួច​នាង​បង្កើត​បាន​កូន​ប្រុស​១​ទៀត ក៏​ឲ្យ​ឈ្មោះ​ថា សេឡា កាល​នាង​សំរាល​កូន​នោះ យូដា​នៅ​ត្រង់​កេស៊ីប

6. យូដា​ក៏​យក​ប្រពន្ធ​ឲ្យ​អ៊ើរ​ជា​កូន​ច្បង នាង​នោះ​ឈ្មោះ​តាម៉ារ

7. តែ​អ៊ើរ កូន​ច្បង​យូដា ជា​មនុស្ស​កាច​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​គាត់​ទៅ

8. នោះ​យូដា​គាត់​និយាយ​នឹង​អូណាន់​ថា ចូរ​ឲ្យ​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង​ឯង ដើម្បី​នឹង​សំរេច​កិច្ច​តាម​របៀប​ច្បាប់​របស់​ប្អូន​ថ្លៃ​ដល់​នាង ហើយ​យក​នាង​បង្កើត​ពូជ​ឲ្យ​បង​ឯង​ចុះ

9. តែ​អូណាន់​គាត់​ដឹង​ថា ពូជ​នោះ​មិន​បាន​ជា​របស់​ផង​ខ្លួន​ទេ បាន​ជា​កាល​ណា​គាត់​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង នោះ​គាត់​សំរក់​ចោល​ទៅ​ដី​វិញ ដើម្បី​មិន​ឲ្យ​កើត​ពូជ​ដល់​បង​ឡើយ

10. អំពើ​ដែល​គាត់​ធ្វើ​នោះ ឈ្មោះ​ថា​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ណាស់ ហើយ​ទ្រង់​ក៏​ប្រហារ​គាត់​ទៅ​ដែរ

11. នោះ​យូដា​និយាយ​ទៅ​តាម៉ារ​ជា​កូន​ប្រសា​ថា ចូរ​ឯង​នៅ​ជា​មេម៉ាយ​ក្នុង​ផ្ទះ​ឪពុក​ឯង​សិន ទំរាំ​ដល់​សេឡា​កូន​អញ​បាន​ធំ​ឡើង ដ្បិត​គាត់​គិត​ថា ក្រែង​វា​ស្លាប់​ដូច​ជា​បង​វា​ដែរ នោះ​តាម៉ារ​ក៏​ទៅ​នៅ​ឯ​ផ្ទះ​ឪពុក​ខ្លួន​វិញ។

12. លុះ​យូរ​ក្រោយ​មក នោះ​កូន​របស់​ស៊ូអា ដែល​ជា​ប្រពន្ធ​យូដា​ក៏​ស្លាប់​ទៅ រួច​កាល​យូដា​បាន​រសាយ​ទុក្ខ​ទៅ​ហើយ នោះ​គាត់​ឡើង​ទៅ​ឯ​ពួក​កាត់​រោម​ចៀម​នៅ​ធីមណា ព្រម​ទាំង​ហ៊ីរ៉ា​ជា​សំឡាញ់​ដែល​នៅ​អាឌូឡាម​ដែរ

13. មាន​គេ​ទៅ​ប្រាប់​ដល់​តាម៉ារ​ថា មើល ឪពុក​ក្មេក​នាង​រៀប​ឡើង​ទៅ​ឯ​ធីមណា ដើម្បី​កាត់​រោម​ចៀម​របស់​គាត់​ហើយ

14. ដូច្នេះ នាង​ដោះ​សំលៀក‌បំពាក់​កាន់​ទុក្ខ​ចេញ រួច​ក៏​យក​ស្បៃ​មក​គ្រលុំ​ខ្លួន​បាំង​មុខ ទៅ​អង្គុយ​នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ភូមិ​អេណែម​តាម​ផ្លូវ​ទៅ​ឯ​ធីមណា ដ្បិត​នាង​ឃើញ​ថា​សេឡា​បាន​ធំ​ហើយ តែ​មិន​ទាន់​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​នៅ​ឡើយ

15. កាល​យូដា​ឃើញ​នាង នោះ​គាត់​ស្មាន​ថា ជា​ស្រី​សំផឹង ដ្បិត​នាង​បាន​បាំង​មុខ

លោកុប្បត្តិ 38