2. ខណៈនោះស៊ីគែម ជាបុត្រហាម៉ោរសាសន៍ហេវីជាស្តេចស្រុកនោះ ទ្រង់ឃើញនាង ក៏នាំយកទៅដេកបង្ខូច
3. ទ្រង់សព្វព្រះទ័យនឹងឌីណាជាកូនយ៉ាកុបណាស់ ព្រមទាំងប្រតិព័ទ្ធនឹងនាងផង ហើយនិយាយលួងលោមដល់នាង
4. ស៊ីគែមទូលហាម៉ោរ ជាបិតាថា សូមយកនាងនេះមកឲ្យធ្វើជាប្រពន្ធទូលបង្គំចុះ
5. រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ យ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។
6. ចំណែកហាម៉ោរជាបិតាស៊ីគែមក៏មកមានព្រះបន្ទូលនឹងយ៉ាកុប
7. ឯពួកកូនរបស់យ៉ាកុប កាលបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ គេមានសេចក្ដីឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះទ្រង់បានប្រព្រឹត្តការអាស្រូវភាសនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកនឹងកូនក្រមុំរបស់យ៉ាកុប ជាការដែលមិនគួរគប្បីធ្វើឡើយ
8. ហាម៉ោរក៏មានព្រះបន្ទូលនឹងគេថា ស៊ីគែមកូនខ្ញុំបានពេញចិត្តនឹងកូនស្រីរបស់អ្នកណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធវាទៅ
9. ចូរអ្នករាល់គ្នាភ្ជាប់ញាតិពន្ធនឹងពួកយើង ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាដល់ពួកយើង ហើយយកកូនក្រមុំរបស់ពួកយើងទៅវិញចុះ
10. នោះអ្នករាល់គ្នានឹងបានអាស្រ័យនៅជាមួយនឹងយើង ហើយស្រុកយើងនេះនឹងបាននៅចំហចំពោះអ្នករាល់គ្នា ចូរអ្នករាល់គ្នាអាស្រ័យនៅ ហើយធ្វើជំនួញចុះ ព្រមទាំងទិញដីទុកជាកេរអាករសំរាប់អ្នករាល់គ្នាតទៅ
11. ឯស៊ីគែមទ្រង់មានព្រះបន្ទូលនឹងឪពុក ហើយនឹងពួកបងប្អូននាងថា សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់មក នោះខ្ញុំនឹងជូនទាំងអស់
12. ទោះបើដំឡើងបណ្តាការ និងជំនូនដ៏សន្ធឹកយ៉ាងណាក៏ដោយ គង់តែខ្ញុំនឹងជូនតាមដែលអ្នករាល់គ្នាបង្គាប់មកមិនខាន សូមតែអាណិតឲ្យនាងមកធ្វើជាប្រពន្ធរបស់ខ្ញុំចុះ។
13. នោះពួកកូនយ៉ាកុបក៏ទូលឆ្លើយដល់ស៊ីគែម និងហាម៉ោរជាបិតាទ្រង់ដោយឧបាយកលវិញ ពីព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ