18. ពាក្យទាំងនោះក៏នាំឲ្យពេញព្រះទ័យហាម៉ោរ និងស៊ីគែមជាបុត្រទ្រង់ដែរ
19. បុត្រកំឡោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ពីព្រោះទ្រង់មានព្រះទ័យអំណរនឹងកូនស្រីរបស់យ៉ាកុបណាស់ ទ្រង់ជាមនុស្សដែលគេរាប់អានលើសជាងទាំងអស់នៅក្នុងពួកដំណាក់បិតាទ្រង់
20. នោះហាម៉ោរ និងស៊ីគែមជាបុត្រក៏ទៅឯទ្វារក្រុង មានព្រះបន្ទូលនឹងពួកមនុស្សនៅទីក្រុងទ្រង់ថា
21. មនុស្សទាំងនោះគេមានសេចក្ដីមេត្រីនឹងយើងទេ ដូច្នេះចូរឲ្យគេអាស្រ័យនៅក្នុងស្រុក និងធ្វើជំនួញជួញប្រែចុះ ដ្បិតមើល ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅគេដែរ
22. តែដែលគេនឹងព្រមនៅជាមួយនឹងយើង ហើយត្រឡប់ជាសាសន៍តែ១ នោះលុះត្រាតែកាលណាពួកប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ
23. ដូច្នេះ តើហ្វូងគោ ទ្រព្យសម្បត្តិ និងសត្វរបស់គេទាំងអស់មិនត្រឡប់មកជារបស់ផងយើងទេឬអី ចូរយើងគ្រាន់តែព្រមតាមគេប៉ុណ្ណោះ នោះគេនឹងនៅជាមួយនឹងយើងហើយ
24. ឯពួកអ្នកដែលចេញចូលតាមទ្វារក្រុងនោះ គេក៏ស្តាប់តាមហាម៉ោរ និងស៊ីគែមជាបុត្រទ្រង់ រួចពួកប្រុសៗ គេកាត់ស្បែកទាំងអស់គ្នា គឺអស់អ្នកដែលចេញចូលតាមទ្វារក្រុងទ្រង់។
25. ដល់៣ថ្ងៃក្រោយមក កាលគេឈឺ នោះកូនយ៉ាកុប២នាក់ គឺស៊ីម្មាន និងលេវីជាបងឌីណា ក៏កាន់យកដាវរៀងខ្លួន ចូលទៅឯទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សំឡាប់មនុស្សប្រុសៗទាំងអស់ទៅ
26. គេសំឡាប់ហាម៉ោរ និងស៊ីគែម ជាបុត្រទ្រង់ ដោយដាវ រួចក៏នាំឌីណាពីដំណាក់ស៊ីគែមចេញមក
27. ឯពួកកូនយ៉ាកុបទាំងប៉ុន្មានក៏មកដល់ខ្មោចស្លាប់ទាំងនោះ ហើយប្លន់ទីក្រុង ដោយព្រោះតែបានបង្ខូចប្អូនស្រីគេ
28. គេយកទាំងហ្វូងចៀម ហ្វូងគោ និងលា ព្រមទាំងរបស់ទ្រព្យនៅក្នុងក្រុង ហើយនៅស្រែចំការរបស់អ្នកទាំងនោះផង
29. គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយប្លន់យកទាំងអស់ គឺគ្រប់របស់ដែលនៅក្នុងផ្ទះគេផង