11. សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ រួចអេសាវទទួលយកដោយគាត់បង្ខំ
12. អេសាវនិយាយថា ល្មមធ្វើដំណើរទៅហើយ ចូរយើងទៅ អញនឹងដើរនាំមុខឯងទៅ
13. តែយ៉ាកុបឆ្លើយថា បងជ្រាបហើយថា កូនក្មេងវានៅទន់ ហើយហ្វូងចៀម ហ្វូងគោដែលនៅជាមួយនឹងខ្ញុំក៏បំបៅកូន បើបង្ខំវាឲ្យដើរតែ១ថ្ងៃទៅ នោះនឹងស្លាប់ទាំងអស់ជាមិនខាន
14. ដូច្នេះ សូមឲ្យបងអញ្ជើញទៅមុនខ្ញុំជាប្អូនចុះ ឯខ្ញុំៗនឹងដើរទៅមួយៗតាមកំឡាំងហ្វូងសត្វដែលដើរមុខខ្ញុំ ហើយតាមកំឡាំងកូនក្មេងដែរ ទាល់តែខ្ញុំទៅដល់បងនៅស្រុកសៀរ
15. នោះអេសាវនិយាយថា បើដូច្នោះ ឲ្យអញទុកពួកអញខ្លះនៅជាមួយនឹងឯងដែរឬ តែគាត់ប្រកែកថា មិនថ្វីទេ សូមឲ្យខ្ញុំបានប្រកបដោយគុណបងចុះ
16. ដូច្នេះ នៅថ្ងៃនោះឯង អេសាវក៏ត្រឡប់វិលតាមផ្លូវទៅឯស្រុកសៀរវិញទៅ
17. ហើយយ៉ាកុបគាត់ក៏ដើរដំណើរទៅដល់ស៊ុកូត រួចគាត់ធ្វើផ្ទះសំរាប់ខ្លួន និងក្រោលសំរាប់ហ្វូងសត្វ ហេតុនោះបានជាគាត់ហៅកន្លែងនោះថា ស៊ុកូត។
18. កាលយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាមមក នោះគាត់ទៅដល់ស៊ីគែម នៅស្រុកកាណាន ដោយសុខសាន្ត ហើយក៏ដំឡើងត្រសាលនៅមុខទីក្រុងនោះ
19. ឯដីដែលគាត់ដំឡើងត្រសាល នោះគាត់ទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង
20. រួចគាត់ស្អាងអាសនា១នៅទីនោះ ក៏ដាក់ឈ្មោះថា អែល-អែល៉ូហេ-អ៊ីស្រាអែល។