17. គាត់ក៏បង្គាប់ដល់អ្នកដែលដើរមុនគេថា កាលណាអេសាវបងអញមកជួបនឹងឯង ហើយសួរថា ឯងជាពួករបស់អ្នកណា ហើយទៅឯណា តើហ្វូងសត្វនៅមុខឯងទាំងនេះជារបស់ផងអ្នកណា
18. នោះត្រូវជំរាបថា នេះជារបស់ផងយ៉ាកុបជាអ្នកបំរើលោក គឺជាជំនូនផ្ញើមកជូនដល់អេសាវជាលោកម្ចាស់ខ្ញុំ ហើយមើល លោកក៏អញ្ជើញមកតាមក្រោយយើងខ្ញុំដែរ
19. គាត់បង្គាប់អ្នកទី២ដូច្នោះដែរ ព្រមទាំងអ្នកទី៣ និងពួកអ្នកដែលដើរតាមហ្វូងសត្វទាំងអស់ផងថា កាលណាឃើញអេសាវ នោះចូរជំរាបតាមពាក្យនេះដូចគ្នា
20. គឺត្រូវជំរាបលោកថា មើល យ៉ាកុបជាអ្នកបំរើលោកក៏មកតាមក្រោយយើងខ្ញុំដែរ នេះដ្បិតគាត់គិតថា អញនឹងរំងាប់ចិត្តបង ដោយជំនូនដែលទៅមុខអញ រួចអញនឹងឃើញមុខបង នោះប្រហែលជានឹងទទួលអញដោយស្រួលហើយ
21. ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុនគាត់ តែឯខ្លួនគាត់ បានដេកនៅក្នុងទីសំណាក់នោះ១យប់សិន
22. រួចគាត់ក្រោកឡើងទាំងយប់នាំយកប្រពន្ធទាំង២ និងបាវស្រីទាំង២ ព្រមទាំងកូនគាត់ទាំង១១នាក់ ឆ្លងស្ទឹងយ៉ាបុកត្រង់ផ្លូវឆ្លងទៅ
23. គាត់នាំអ្នកទាំងនោះទៅឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអីវ៉ាន់គាត់ឆ្លងទៅដែរ។
24. ដូច្នេះ យ៉ាកុបនៅតែម្នាក់ឯង ហើយមានម្នាក់មកចំបាប់នឹងគាត់រហូតដល់ភ្លឺ
25. កាលអ្នកនោះឃើញថាមិនឈ្នះគាត់ទេ នោះក៏ពាល់ត្រង់សន្លាក់ត្រគាកគាត់ ហើយសន្លាក់ត្រគាកក៏ថ្លស់ក្នុងខណៈដែលកំពុងតែចំបាប់គ្នានោះ
26. អ្នកនោះនិយាយថា ចូរលែងឲ្យអញទៅ ដ្បិតភ្លឺហើយ តែគាត់ឆ្លើយថា ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន
27. អ្នកនោះសួរគាត់ថា ឯងឈ្មោះអី គាត់ឆ្លើយថា ខ្ញុំឈ្មោះយ៉ាកុប
28. រួចអ្នកនោះប្រាប់ថា ឈ្មោះឯងមិនត្រូវហៅថា យ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ពីព្រោះឯងមានអំណាចចំពោះព្រះ ហើយនឹងមនុស្ស ក៏បានឈ្នះផង
29. យ៉ាកុបក៏សួរអ្នកនោះដែរថា សូមលោកប្រាប់ឈ្មោះលោកឲ្យខ្ញុំដឹងផង តែអ្នកនោះតបមកវិញថា ហេតុអ្វីបានជាសួររកឈ្មោះអញ រួចក៏ឲ្យពរដល់គាត់នៅទីនោះ
30. យ៉ាកុបគាត់ហៅកន្លែងនោះថា ព្នីអែល ដ្បិតគាត់នឹកថា អញបានឃើញព្រះនៅប្រទល់មុខ ហើយជីវិតអញបានគង់វង្សនៅ
31. កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ
32. ហេតុនោះបានជាពួកកូនចៅអ៊ីស្រាអែល គេមិនដែលស៊ីសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក ដរាបដល់សព្វថ្ងៃនេះ ពីព្រោះទ្រង់បានពាល់សាច់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប។