8. កាលណាគាត់ថា សត្វពពាលនឹងបានជាឈ្នួលឯង នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា សត្វឆ្នូតនឹងបានជាឈ្នួលឯង នោះពួកមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ
9. ដូច្នេះ ព្រះទ្រង់បានដកហ្វូងសត្វរបស់ឪពុកឯងប្រទានមកឲ្យអញវិញហើយ
10. នៅរដូវដែលសត្វធ្លាប់ជាន់គ្នា នោះអញងើបភ្នែកឡើងឃើញក្នុងសប្តិថា សត្វឈ្មោលដែលជាន់ញីថាវាមានឆ្នូត មានពពាល ហើយនឹងប្រផេះ
11. នោះទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលមកអញក្នុងសប្តិនោះថា យ៉ាកុបអើយ អញទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
12. នោះទ្រង់មានព្រះបន្ទូលថា ចូរឯងងើបភ្នែកឡើង មើលទៅសត្វឈ្មោលទាំងប៉ុន្មាន ដែលជាន់ញី នោះមានឆ្នូត មានពពាល ហើយប្រផេះ ដ្បិតអញបានឃើញអស់ទាំងការ ដែលឡាបាន់បានធ្វើដល់ឯង
13. អញជាព្រះនៃបេត-អែល ជាកន្លែងដែលឯងបានចាក់ប្រេងលើបង្គោលនោះ ហើយដែលឯងបានបន់ដល់អញ ឥឡូវនេះ ឲ្យរៀបចំ ហើយចេញពីស្រុកនេះ វិលនៅឯស្រុកកំណើតឯងវិញទៅ
14. ឯរ៉ាជែល និងលេអាក៏ឆ្លើយទៅប្ដីថា ចុះយើងនៅមានចំណែក ឬមរដក នៅក្នុងផ្ទះឪពុកយើងឯណា
15. តើគាត់មិនរាប់យើងទុកដូចជាអ្នកដទៃទេឬអី ដ្បិតគាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង
16. គ្រប់ទាំងរបស់ទ្រព្យណាដែលព្រះបានដកពីឪពុកយើងមក នោះជារបស់ផងយើង និងកូនចៅយើងហើយ ដូច្នេះ ការអ្វីដែលព្រះបានបង្គាប់មកអ្នក សូមអ្នកធ្វើឥឡូវចុះ។
17. យ៉ាកុបក៏ក្រោកឡើង បញ្ជិះប្រពន្ធកូនលើសត្វអូដ្ឋ
18. នាំហ្វូងសត្វរបស់គាត់ទាំងអស់ និងទ្រព្យដែលបានប្រមូលទាំងប៉ុន្មាន គឺជាហ្វូងសត្វដែលបានពីកាលនៅប៉ាដាន់-អើរ៉ាម ដើម្បីទៅឯអ៊ីសាក ឪពុកខ្លួន នៅស្រុកកាណានវិញ
19. រីឯឡាបាន់គាត់មានកិច្ចចេញទៅកាត់រោមចៀម ពេលនោះ នាងរ៉ាជែលបានលួចយករូបព្រះទាំងប៉ុន្មានរបស់ឪពុក
20. ឯយ៉ាកុបគាត់ចេញទៅដោយលួចលាក់ មិនបានប្រាប់ឲ្យឡាបាន់ជាសាសន៍អើរ៉ាមដឹងផងទេ
21. គាត់បាននាំយករបស់គាត់ទាំងអស់រត់ចេញទៅ ក៏ឆ្លងកាត់ទន្លេ ដំរង់ឆ្ពោះមុខទៅឯភ្នំកាឡាតទៅ។
22. លុះកន្លងបាន៣ថ្ងៃក្រោយមក នោះមានគេទៅជំរាបដល់ឡាបាន់ថា យ៉ាកុបបានរត់បាត់ទៅហើយ
23. ឡាបាន់ក៏យកបងប្អូនគាត់ទៅជាមួយ ដេញតាមចំនួនដើរផ្លូវអស់៧ថ្ងៃ បានទាន់នៅនាភ្នំកាឡាត