41. ខ្ញុំបាននៅផ្ទះលោកឪពុកអស់២០ឆ្នាំនេះហើយ គឺខ្ញុំបានបំរើលោកឪពុក១៤ឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំង២រូប ហើយ៦ឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំ១០ដងហើយ
42. បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្ដីទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយ បានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។
43. នោះឡាបាន់ឆ្លើយទៅយ៉ាកុបថា ស្ត្រីទាំងនេះជាកូនអញ ហើយក្មេងទាំងនេះក៏ជាចៅអញ ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់អញ ហើយរបស់ទាំងប៉ុន្មានដែលឯងឃើញក៏ជារបស់ផងអញទាំងអស់ដែរ តែនៅថ្ងៃនេះ តើអញនឹងធ្វើអ្វីដល់កូនអញ ហើយនឹងកូនដែលវាបានបង្កើតទាំងប៉ុន្មាននេះបាន
44. ដូច្នេះ ចូរយើងចុះសញ្ញានឹងគ្នាទៅវិញទៅមក ដើម្បីនឹងទុកជាទីបន្ទាល់ដល់ឯង ហើយនឹងអញ
45. នោះយ៉ាកុបគាត់យកថ្ម១មកបញ្ឈរធ្វើជាបង្គោល
46. ហើយប្រាប់ដល់បងប្អូនថា ចូរយកថ្មមក នោះគេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ
47. ឡាបាន់គាត់ហៅគំនរថ្មនោះថា យេការ-សាហាឌូថា តែយ៉ាកុបហៅថា កាលេឌ វិញ
48. រួចឡាបាន់និយាយថា គំនរថ្មនេះជាទីបន្ទាល់ដល់ឯង ហើយនឹងអញនៅថ្ងៃនេះ ហេតុនោះបានជាគេដាក់ឈ្មោះថា កាលេឌ ហើយមីសប៉ា
49. ពីព្រោះគាត់និយាយថា សូមឲ្យព្រះយេហូវ៉ាទតមើលឯងហើយនឹងអញ ក្នុងកាលដែលយើងនៅឃ្លាតពីគ្នា
50. បើឯងធ្វើបាបកូនអញ ឬយកប្រពន្ធទៀតលើសពីកូនអញ ក្នុងកាលដែលគ្មានមនុស្សណានៅជាមួយ នោះមើល ព្រះទ្រង់ជាសាក្សីដល់ឯងហើយនឹងអញស្រាប់ហើយ
51. រួចឡាបាន់និយាយទៅយ៉ាកុបទៀតថា មើល គំនរថ្មនេះ និងបង្គោលនេះហើយ ដែលអញបានដាក់នៅកណ្តាលឯងហើយនឹងអញ
52. គំនរនេះ និងបង្គោលនេះនឹងបានជាទីបន្ទាល់ថា អញមិនរំលងគំនរនេះទៅឯឯង ហើយឯងក៏មិនរំលងគំនរឬបង្គោលនេះមកឯអញ ប្រយោជន៍នឹងធ្វើអាក្រក់អ្វីឡើយ
53. សូមឲ្យព្រះនៃអ័ប្រាហាំជាព្រះនៃណាឃរ គឺជាព្រះនៃអយ្យកោរបស់លោក ទ្រង់ជំនុំជំរះយើងចុះ នៅទីនោះ យ៉ាកុបក៏ស្បថនឹងព្រះ ដែលជាទីកោតខ្លាចនៃអ៊ីសាកឪពុកខ្លួនដែរ។
54. យ៉ាកុបក៏រៀបចំបូជាយញ្ញ ថ្វាយនៅលើភ្នំនោះ ហើយហៅពួកបងប្អូនមកជួបជុំបរិភោគ គេក៏នាំគ្នាបរិភោគទៅ រួចដេកនៅលើភ្នំក្នុងយប់នោះ