31. នោះយ៉ាកុបឆ្លើយទៅឡាបាន់ថា ពីព្រោះខ្ញុំខ្លាច ទាំងគិតក្រែងលោលោកឪពុកដកយកកូនស្រីពីខ្ញុំទៅវិញដោយអំណាច
32. បើលោកឪពុករកឃើញមានព្រះទាំងនោះនៅលើរូបអ្នកណា អ្នកនោះមិនត្រូវនៅរស់ទៀតទេ សូមឆែកឆេរនៅចំពោះមុខបងប្អូនយើងនេះចុះ មើលបើមានរបស់ណា ជារបស់ផងលោកឪពុក នៅនឹងខ្ញុំ នោះសូមយកវិញចុះ ឯយ៉ាកុបគាត់មិនដឹងជារ៉ាជែលបានលួចយករូបព្រះទាំងនោះទេ
33. នោះឡាបាន់ក៏ចូលទៅក្នុងត្រសាលយ៉ាកុប ត្រសាលលេអា និងត្រសាលរបស់បាវស្រីទាំង២ រកមិនឃើញសោះ រួចគាត់ចេញពីត្រសាលលេអាចូលទៅក្នុងត្រសាលរ៉ាជែល
34. ឯរ៉ាជែលនាងបានយករូបព្រះទាំងនោះ ទៅដាក់ក្នុងប្រដាប់អូដ្ឋទាំងប៉ុន្មាន ហើយអង្គុយពីលើ ឡាបាន់ឆែករកពេញក្នុងត្រសាលមិនឃើញសោះ
35. រួចនាងនិយាយទៅឪពុកថា សូមកុំឲ្យលោកឪពុកខឹងនឹងខ្ញុំ ដែលខ្ញុំក្រោកនៅមុខលោកឪពុកពុំបាននោះឡើយ ពីព្រោះខ្ញុំកើតមានកិច្ចដូចជាស្រីៗធ្លាប់មាន គាត់ក៏ពិនិត្យរក តែមិនឃើញរូបព្រះទាំងនោះសោះ។
36. ឯយ៉ាកុបគាត់ខឹង ហើយក៏ឈ្លោះនឹងឡាបាន់ដោយពាក្យថា តើខ្ញុំមានទោសអ្វី ឬបានធ្វើបាបណាបានជាលោកឪពុកដេញតាមខ្ញុំ ដោយចិត្តក្តៅយ៉ាងដូច្នេះ
37. លោកឪពុកបានឆែកឆេររបស់ខ្ញុំ សព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ ហើយនឹងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជំរះពីរឿងយើងទាំងនេះ
38. នេះពេញ២០ឆ្នាំគត់ហើយ ដែលខ្ញុំនៅជាមួយនឹងលោកឪពុក ចៀម និងពពែរបស់លោកឪពុកមិនដែលមានរលូត១សោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ
39. សត្វណាដែលត្រូវសត្វព្រៃខាំ នោះខ្ញុំមិនដែលយកមកជូនទេ ខ្ញុំបានទទួលសង គឺលោកឪពុកបានចាប់ឲ្យខ្ញុំសង ទោះបើលួចបាននៅពេលថ្ងៃឬពេលយប់ក្តី
40. ខ្ញុំក៏ត្រូវតែដូច្នោះ គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវចំហាយក្តៅ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយជ្រប់
41. ខ្ញុំបាននៅផ្ទះលោកឪពុកអស់២០ឆ្នាំនេះហើយ គឺខ្ញុំបានបំរើលោកឪពុក១៤ឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំង២រូប ហើយ៦ឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំ១០ដងហើយ
42. បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្ដីទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយ បានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។