6. នោះរ៉ាជែលគិតថា ព្រះទ្រង់បានជំនុំជំរះអញ ហើយបានឮសំឡេងអញ ព្រមទាំងឲ្យអញមានកូនប្រុស១ នាងក៏ឲ្យឈ្មោះថា ដាន់
7. រួចប៊ីលហាជាបាវរ៉ាជែលមានទំងន់បង្កើតបានកូនប្រុស១ទៀតឲ្យយ៉ាកុប
8. ហើយរ៉ាជែលនឹកថា អញបានប្រណាំងនឹងបងអញជាខ្លាំងហើយ ក៏បានឈ្នះផង នាងឲ្យឈ្មោះថា ណែបថាលី។
9. កាលលេអាឃើញថាខ្លួនមិនមានកូនទៀត នោះនាងយកស៊ីលផា ជាបាវស្រីរបស់នាង ឲ្យទៅធ្វើជាប្រពន្ធយ៉ាកុបដែរ
10. ស៊ីលផាបាវស្រីលេអាក៏បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប
11. នោះលេអានឹកថា មានសំណាងហើយ នាងក៏ឲ្យឈ្មោះថា កាឌ់
12. រួចស៊ីលផាបាវស្រីលេអាក៏បង្កើតកូន១ទៀតឲ្យយ៉ាកុប
13. នោះលេអានឹកថា ខ្ញុំសប្បាយណាស់ហើយ ដ្បិតគ្រប់ទាំងស្ត្រីនឹងថា ខ្ញុំមានពរ នាងក៏ឲ្យឈ្មោះថា អេស៊ើ។
14. ឯរូបេន ក៏ចេញទៅឯវាលនៅវេលាច្រូតស្រូវភោជ្ជសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូនដល់លេអាជាម្តាយ នោះរ៉ាជែលនិយាយទៅលេអាថា សូមឲ្យផ្លែស្នេហ៍របស់កូនបងខ្លះមកខ្ញុំផង
15. តែលេអាឆ្លើយថា ដែលឯងដណ្តើមយកប្ដីអញ នោះតើជាការស្រាលឬ បានជាឥឡូវចង់យកផ្លែស្នេហ៍របស់កូនអញទៅទៀត រ៉ាជែលនិយាយថាបើឲ្យផ្លែស្នេហ៍របស់កូនបងមកខ្ញុំ នោះឲ្យប្ដីយើងដេកជាមួយនឹងបងនៅយប់នេះចុះ
16. ដល់ល្ងាចកាលយ៉ាកុបវិលមកពីចំការវិញ នោះលេអាក៏ចេញទៅទទួលដោយពាក្យថា អ្នកត្រូវអញ្ជើញចូលទៅឯខ្ញុំ ដ្បិតខ្ញុំបានជួលអ្នកដោយផ្លែស្នេហ៍របស់កូនខ្ញុំហើយ ដូច្នេះ គាត់ក៏ដេកជាមួយនឹងនាងក្នុងយប់នោះទៅ
17. ព្រះទ្រង់ក៏ស្តាប់តាមលេអា ហើយនាងមានទំងន់បង្កើតបានកូនប្រុសទី៥ឲ្យយ៉ាកុប