31. នោះឡាបាន់សួរថា តើចង់ឲ្យអញឲ្យអ្វីដល់ឯង យ៉ាកុបឆ្លើយថា មិនត្រូវឲ្យអ្វីមកខ្ញុំសោះ បើលោកឪពុកនឹងធ្វើដូច្នេះ នោះខ្ញុំនឹងនៅឃ្វាល ហើយថែរក្សាហ្វូងសត្វរបស់លោកឪពុកទៀត
32. គឺខ្ញុំនឹងទៅក្នុងគ្រប់ទាំងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីនឹងញែកយកអស់ទាំងសត្វពព្លាក់ និងពពាល ហើយនឹងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាលពព្លាក់ក្នុងហ្វូងពពែផង ឲ្យបានជាឈ្នួលដល់ខ្ញុំ
33. ដូច្នេះ ទៅមុខទៀត កាលណាលោកឪពុកចូលមកសាកសួរពីឈ្នួលខ្ញុំ នោះសេចក្ដីសុចរិតរបស់ខ្ញុំនឹងសំដែងឲ្យឃើញច្បាស់ដូច្នេះ គឺបើមានសត្វណានៅជាមួយនឹងខ្ញុំ ដែលមិនពពាលពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះនឹងរាប់ទុកជារបស់លួច
34. ឡាបាន់ក៏និយាយថា អើ ចូរតាមពាក្យឯងចុះ
35. ហើយនៅថ្ងៃនោះឯង ឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗហើយពពាល និងអស់ទាំងពពែញីដែលពព្លាក់ហើយពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ និងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅក្នុងកណ្តាប់ដៃរបស់កូនខ្លួនទាំងប៉ុន្មាន
36. រួចគាត់ចេញពីយ៉ាកុបទៅចំងាយដើរផ្លូវអស់៣ថ្ងៃ ឯយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់នោះ។
37. នោះយ៉ាកុបគាត់យកមែករលួស ចំបក់ និងក្រចៅស្រស់ មកក្រីបកសំបក ជាកង់ៗ ឲ្យឃើញសាច់ស
38. ហើយដាក់មែកដែលគាត់បានបកនោះនៅក្នុងប្រឡាយ និងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ហើយវាក៏ជាន់គ្នាក្នុងកាលដែលវាមកផឹកនោះ
39. គឺជាន់គ្នានៅត្រង់មុខមែកឈើទាំងនោះ នោះក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល
40. រួចយ៉ាកុបញែកចៀមចេញពីគ្នាក៏ដំរង់ឈ្មោលទៅឯពួកចៀមឆ្នូត និងចៀមខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់វិញ តែបានបង្ខាំងហ្វូងរបស់ខ្លួនទុកដោយឡែក មិនឲ្យទៅជាមួយនឹងហ្វូងសត្វរបស់ឡាបាន់ឡើយ
41. កាលបើសត្វណាដែលខ្លាំងចង់ជាន់គ្នា នោះយ៉ាកុបតែងតែទៅដាក់មែកឈើនោះនៅក្នុងប្រឡាយចំពីមុខវា ដើម្បីឲ្យបានជាន់គ្នានៅត្រង់មុខមែកឈើនោះចុះ