2. នោះយ៉ាកុបក៏នឹកក្តៅចិត្តនឹងរ៉ាជែល ហើយតបថា តើអញជាព្រះឬអី ដែលបានបង្ខាំងមិនឲ្យឯងមានកូនដូច្នេះ
3. នោះនាងនិយាយថា មើលនុ៎ះន៏ ប៊ីលហាជាបាវស្រីខ្ញុំ សូមឲ្យអ្នកចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់នៅភ្លៅខ្ញុំ នោះខ្ញុំនឹងបានកូនដោយសារវា
4. នាងក៏ឲ្យប៊ីលហាជាបាវស្រីទៅធ្វើជាប្រពន្ធយ៉ាកុប ហើយគាត់ចូលទៅឯនាង
5. ដូច្នេះ ប៊ីលហាមានទំងន់បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប
6. នោះរ៉ាជែលគិតថា ព្រះទ្រង់បានជំនុំជំរះអញ ហើយបានឮសំឡេងអញ ព្រមទាំងឲ្យអញមានកូនប្រុស១ នាងក៏ឲ្យឈ្មោះថា ដាន់
7. រួចប៊ីលហាជាបាវរ៉ាជែលមានទំងន់បង្កើតបានកូនប្រុស១ទៀតឲ្យយ៉ាកុប
8. ហើយរ៉ាជែលនឹកថា អញបានប្រណាំងនឹងបងអញជាខ្លាំងហើយ ក៏បានឈ្នះផង នាងឲ្យឈ្មោះថា ណែបថាលី។
9. កាលលេអាឃើញថាខ្លួនមិនមានកូនទៀត នោះនាងយកស៊ីលផា ជាបាវស្រីរបស់នាង ឲ្យទៅធ្វើជាប្រពន្ធយ៉ាកុបដែរ