13. នោះលេអានឹកថា ខ្ញុំសប្បាយណាស់ហើយ ដ្បិតគ្រប់ទាំងស្ត្រីនឹងថា ខ្ញុំមានពរ នាងក៏ឲ្យឈ្មោះថា អេស៊ើ។
14. ឯរូបេន ក៏ចេញទៅឯវាលនៅវេលាច្រូតស្រូវភោជ្ជសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូនដល់លេអាជាម្តាយ នោះរ៉ាជែលនិយាយទៅលេអាថា សូមឲ្យផ្លែស្នេហ៍របស់កូនបងខ្លះមកខ្ញុំផង
15. តែលេអាឆ្លើយថា ដែលឯងដណ្តើមយកប្ដីអញ នោះតើជាការស្រាលឬ បានជាឥឡូវចង់យកផ្លែស្នេហ៍របស់កូនអញទៅទៀត រ៉ាជែលនិយាយថាបើឲ្យផ្លែស្នេហ៍របស់កូនបងមកខ្ញុំ នោះឲ្យប្ដីយើងដេកជាមួយនឹងបងនៅយប់នេះចុះ
16. ដល់ល្ងាចកាលយ៉ាកុបវិលមកពីចំការវិញ នោះលេអាក៏ចេញទៅទទួលដោយពាក្យថា អ្នកត្រូវអញ្ជើញចូលទៅឯខ្ញុំ ដ្បិតខ្ញុំបានជួលអ្នកដោយផ្លែស្នេហ៍របស់កូនខ្ញុំហើយ ដូច្នេះ គាត់ក៏ដេកជាមួយនឹងនាងក្នុងយប់នោះទៅ
17. ព្រះទ្រង់ក៏ស្តាប់តាមលេអា ហើយនាងមានទំងន់បង្កើតបានកូនប្រុសទី៥ឲ្យយ៉ាកុប
18. នោះលេអាគិតថា ព្រះទ្រង់បានប្រទានរង្វាន់មកអញ ពីព្រោះអញបានឲ្យបាវស្រីទៅប្ដីហើយ រួចនាងឲ្យឈ្មោះថា អ៊ីសាខារ
19. នាងក៏មានទំងន់ទៀត បង្កើតបានកូនប្រុសទី៦ឲ្យយ៉ាកុប
20. នោះនាងគិតថា ព្រះទ្រង់បានប្រទានអំណោយទានយ៉ាងល្អមកអញ ម្តងណេះប្ដីអញនឹងនៅជាមួយនឹងអញ ដោយព្រោះអញបានបង្កើតកូន៦ឲ្យគាត់ហើយ រួចនាងឲ្យឈ្មោះថា សាប់យូល៉ូន
21. ក្រោយនោះមក នាងបង្កើតបានកូនស្រី១ ក៏ឲ្យឈ្មោះថា ឌីណា។
22. ព្រះទ្រង់នឹកចាំពីរ៉ាជែល ក៏ស្តាប់តាមនាង ហើយប្រោសឲ្យនាងបង្កើតកូនបាន
23. នោះនាងមានទំងន់បង្កើតបានកូនប្រុស១ រួចនាងគិតថា ព្រះទ្រង់បានដកសេចក្ដីដំនៀលពីអញចេញ
24. ហើយនាងឲ្យឈ្មោះថា យ៉ូសែប ដោយថា សូមព្រះយេហូវ៉ាបន្ថែមឲ្យខ្ញុំម្ចាស់មានកូន១ទៀត។
25. កាលរ៉ាជែលសំរាលបានយ៉ូសែបហើយ នោះយ៉ាកុបនិយាយទៅឡាបាន់ថា ខ្ញុំសូមលាលោកឪពុកត្រឡប់ទៅឯទីកន្លែងខ្ញុំ ឯស្រុកខ្ញុំវិញហើយ
26. សូមឲ្យប្រពន្ធកូនរបស់ខ្ញុំ ដែលខ្ញុំបានបំរើលោកឪពុកឲ្យបាននេះ បានទៅជាមួយនឹងខ្ញុំផង ដ្បិតលោកឪពុកជ្រាបការដែលខ្ញុំបានធ្វើជូនរួចហើយ
27. នោះឡាបាន់ឆ្លើយថា បើសិនជាឯងចូលចិត្តនឹងអញ នោះកុំអាលទៅសិន ពីព្រោះអញយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកអញដោយព្រោះឯង
28. គាត់ក៏និយាយថា ចូរគិតថ្លៃឈ្នួលឯងចុះ នោះអញនឹងបើកឲ្យ
29. រួចយ៉ាកុបនិយាយថា លោកឪពុកជ្រាបហើយថា ខ្ញុំបាននៅបំរើលោកឪពុក ហើយថា ហ្វូងសត្វលោកឪពុកបានកើតសាយគ្រាយជាយ៉ាងណា ក្នុងគ្រាដែលខ្ញុំបានឃ្វាល
30. ដ្បិតមុនដែលខ្ញុំមក នោះលោកឪពុកមានតិចណាស់ ឥឡូវនេះវិញបានចំរើនឡើងយ៉ាងសន្ធឹក ហើយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់លោកឪពុកដោយសារខ្ញុំ ឥឡូវនេះ តើចាំដល់កាលណាទៀតទើបឲ្យខ្ញុំផ្គត់ផ្គង់ដល់គ្រួរបស់ខ្ញុំផង