1. កាលរ៉ាជែលឃើញថា ខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុបសោះ នោះនាងមានចិត្តច្រណែននឹងបង ហើយក៏និយាយទៅយ៉ាកុបថា ចូរឲ្យខ្ញុំមានកូនផង បើមិនដូច្នោះខ្ញុំស្លាប់ហើយ
2. នោះយ៉ាកុបក៏នឹកក្តៅចិត្តនឹងរ៉ាជែល ហើយតបថា តើអញជាព្រះឬអី ដែលបានបង្ខាំងមិនឲ្យឯងមានកូនដូច្នេះ
3. នោះនាងនិយាយថា មើលនុ៎ះន៏ ប៊ីលហាជាបាវស្រីខ្ញុំ សូមឲ្យអ្នកចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់នៅភ្លៅខ្ញុំ នោះខ្ញុំនឹងបានកូនដោយសារវា
4. នាងក៏ឲ្យប៊ីលហាជាបាវស្រីទៅធ្វើជាប្រពន្ធយ៉ាកុប ហើយគាត់ចូលទៅឯនាង
5. ដូច្នេះ ប៊ីលហាមានទំងន់បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប
6. នោះរ៉ាជែលគិតថា ព្រះទ្រង់បានជំនុំជំរះអញ ហើយបានឮសំឡេងអញ ព្រមទាំងឲ្យអញមានកូនប្រុស១ នាងក៏ឲ្យឈ្មោះថា ដាន់
7. រួចប៊ីលហាជាបាវរ៉ាជែលមានទំងន់បង្កើតបានកូនប្រុស១ទៀតឲ្យយ៉ាកុប
8. ហើយរ៉ាជែលនឹកថា អញបានប្រណាំងនឹងបងអញជាខ្លាំងហើយ ក៏បានឈ្នះផង នាងឲ្យឈ្មោះថា ណែបថាលី។
9. កាលលេអាឃើញថាខ្លួនមិនមានកូនទៀត នោះនាងយកស៊ីលផា ជាបាវស្រីរបស់នាង ឲ្យទៅធ្វើជាប្រពន្ធយ៉ាកុបដែរ
10. ស៊ីលផាបាវស្រីលេអាក៏បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប
11. នោះលេអានឹកថា មានសំណាងហើយ នាងក៏ឲ្យឈ្មោះថា កាឌ់
12. រួចស៊ីលផាបាវស្រីលេអាក៏បង្កើតកូន១ទៀតឲ្យយ៉ាកុប
13. នោះលេអានឹកថា ខ្ញុំសប្បាយណាស់ហើយ ដ្បិតគ្រប់ទាំងស្ត្រីនឹងថា ខ្ញុំមានពរ នាងក៏ឲ្យឈ្មោះថា អេស៊ើ។
14. ឯរូបេន ក៏ចេញទៅឯវាលនៅវេលាច្រូតស្រូវភោជ្ជសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូនដល់លេអាជាម្តាយ នោះរ៉ាជែលនិយាយទៅលេអាថា សូមឲ្យផ្លែស្នេហ៍របស់កូនបងខ្លះមកខ្ញុំផង