15. អញនឹងធ្វើឲ្យឯង ហើយនឹងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ
16. ទ្រង់ក៏មានព្រះបន្ទូលទៅស្ត្រីវិញថា អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង
17. រួចទ្រង់ក៏មានព្រះបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត
18. ដីនឹងដុះជាបន្លាហើយនឹងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ
19. ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ
20. អ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា «អេវ៉ា» ពីព្រោះនាងជាម្តាយនៃមនុស្សទាំងអស់
21. នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែក ឲ្យអ័ដាម និងប្រពន្ធគាត់ពាក់បិទបាំងកាយ។