លោកុប្បត្តិ 29:20-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. យ៉ាកុប​ក៏​ខំ​បំរើ​អស់​៧​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល តែ​នោះ​មើល​ទៅ​ដូច​ជា​បួន​ដប់​ថ្ងៃ​ទេ ដោយ​ព្រោះ​គាត់​ស្រឡាញ់​ដល់​នាង​ណាស់។

21. រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ ពី​ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង

22. ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ជប់‌លៀង​ដល់​គេ

23. ដល់​ពេល​យប់ ឡាបាន់​ប្តូរ​យក​លេអា​ជា​កូន​ច្បង​ទៅ​ឲ្យ​គាត់ នោះ​គាត់​ក៏​ចូល​ទៅ​ឯ​នាង

24. ឡាបាន់​ឲ្យ​ស៊ីលផា ជា​បាវ​ស្រី​របស់​ខ្លួន​ទៅ​បំរើ​ដល់​លេអា

25. លុះ​ព្រឹក​ឡើង នោះ​ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា​ទេ រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា តើ​លោក​ឪពុក​បាន​ធ្វើ​អ្វី​ដល់​ខ្ញុំ​ដូច្នេះ ក្រែង​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​នេះ ដើម្បី​ឲ្យ​បាន​តែ​រ៉ាជែល​មែន​ឬ​មិន​មែន ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ដូច្នេះ

26. ឡាបាន់​ឆ្លើយ​ថា នៅ​ស្រុក​យើង​នេះ គេ​មិន​ដែល​ឲ្យ​ប្អូន​មុន​បង​ដូច្នោះ​ទេ

27. ចូរ​ឯង​នៅ​គ្រប់​១​អាទិត្យ​នឹង​នាង​នេះ​សិន រួច​សឹម​យើង​ឲ្យ​នាង​នោះ​ទៅ​ឯង​ដែរ ទុក​ជា​ឈ្នួល​ការ​ដែល​ឯង​នឹង​បំរើ​អញ​៧​ឆ្នាំ​ទៀត

28. យ៉ាកុប​ក៏​ធ្វើ​ដូច្នោះ គាត់​នៅ​គ្រប់​១​អាទិត្យ​ជា​មួយ​នឹង​លេអា រួច​ឡាបាន់​ឲ្យ​រ៉ាជែល​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​យ៉ាកុប​ទៀត

29. ហើយ​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ខ្លួន​ទៅ​បំរើ​រ៉ាជែល​ដែរ

លោកុប្បត្តិ 29