12. នោះយ៉ាកុបប្រាប់រ៉ាជែលថា ខ្លួនជាបងប្អូននឹងឪពុកនាង គឺជាកូនរេបិកា រួចនាងក៏រត់ទៅប្រាប់ដល់ឪពុក
13. កាលឡាបាន់បានឮនិយាយពីយ៉ាកុប ជាកូនរបស់ប្អូនខ្លួន នោះគាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ យ៉ាកុបក៏សាសព្ទសេចក្ដីទាំងនោះប្រាប់ដល់ឡាបាន់
14. ឡាបាន់និយាយថា ឯងជាសាច់ឈាមរបស់អញពិតមែន រួចយ៉ាកុបក៏នៅជាមួយនឹងគាត់១ខែ។
15. ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបំរើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី
16. រីឯឡាបាន់គាត់មានកូនស្រី២ កូនច្បងឈ្មោះលេអា ហើយកូនពៅឈ្មោះរ៉ាជែល
17. នាងលេអាមានភ្នែកទន់ ឯរ៉ាជែលមានរូបឆោមលោមពណ៌ស្រស់បស់ល្អណាស់
18. ឯយ៉ាកុបគាត់ចាប់ចិត្តស្រឡាញ់រ៉ាជែល ហើយក៏និយាយថា ខ្ញុំសូមនៅបំរើឪពុកធំ៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែលជាកូនពៅរបស់លោក
19. ឡាបាន់តបថា អើ ដែលអញឲ្យវាដល់ឯង នោះល្អជាជាងឲ្យដល់គេ ដូច្នេះ ចូរនៅជាមួយនឹងអញចុះ
20. យ៉ាកុបក៏ខំបំរើអស់៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែល តែនោះមើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់។
21. រួចយ៉ាកុបនិយាយទៅឡាបាន់ថា សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំ ពីព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង
22. ឡាបាន់ក៏អញ្ជើញមនុស្សនៅទីនោះទាំងអស់មក ហើយរៀបជប់លៀងដល់គេ
23. ដល់ពេលយប់ ឡាបាន់ប្តូរយកលេអាជាកូនច្បងទៅឲ្យគាត់ នោះគាត់ក៏ចូលទៅឯនាង
24. ឡាបាន់ឲ្យស៊ីលផា ជាបាវស្រីរបស់ខ្លួនទៅបំរើដល់លេអា
25. លុះព្រឹកឡើង នោះស្រាប់តែឃើញថាជានាងលេអាទេ រួចយ៉ាកុបនិយាយទៅឡាបាន់ថា តើលោកឪពុកបានធ្វើអ្វីដល់ខ្ញុំដូច្នេះ ក្រែងខ្ញុំបានបំរើលោកឪពុកនេះ ដើម្បីឲ្យបានតែរ៉ាជែលមែនឬមិនមែន ហេតុអ្វីបានជាបញ្ឆោតខ្ញុំដូច្នេះ
26. ឡាបាន់ឆ្លើយថា នៅស្រុកយើងនេះ គេមិនដែលឲ្យប្អូនមុនបងដូច្នោះទេ