1. អ៊ីសាកក៏ហៅយ៉ាកុបមកឲ្យពរ រួចផ្តាំថា កុំឲ្យឯងយកប្រពន្ធពីពួកកូនស្រីស្រុកកាណានឡើយ
2. ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយឯង នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធពីនោះក្នុងពួកកូនស្រីឡាបាន់ ឪពុកធំខាងម្តាយឯងវិញ
3. សូមព្រះដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចំរើនជាច្រើនឡើង ឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន
4. ព្រមទាំងប្រទានពររបស់អ័ប្រាហាំដល់ឯង និងពូជឯងផង ដើម្បីឲ្យឯងបានស្រុកដែលឯងស្នាក់នៅទុកជាកេរអាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់អ័ប្រាហាំ
5. នោះអ៊ីសាកឲ្យយ៉ាកុបទៅ គាត់ក៏ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដល់ឡាបាន់ជាកូនបេធូអែលសាសន៍អើរ៉ាម ជាបងរេបិកាដែលជាម្តាយយ៉ាកុបហើយនឹងអេសាវ។
6. រីឯអេសាវគាត់ឃើញថា អ៊ីសាកបានឲ្យពរដល់យ៉ាកុប ព្រមទាំងឲ្យគាត់ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដើម្បីនឹងយកប្រពន្ធពីនោះមក ហើយថា ក្នុងខណៈដែលឲ្យពរនោះ គាត់ក៏ផ្តាំថា កុំឲ្យឯងយកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណានឡើយ
7. ហើយឃើញថា យ៉ាកុបបានស្តាប់តាម ឪពុកម្តាយហើយ ទាំងចេញទៅឯស្រុកប៉ាដាន់-អើរ៉ាមផង
8. ដូច្នេះ អេសាវយល់ថា កូនស្រីកាណានមិនជាទីពេញចិត្តដល់អ៊ីសាកជាឪពុកខ្លួនទេ
9. នោះគាត់ទៅឯអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូននេបាយ៉ូត ជាកូនអ៊ីសម៉ាអែល ចៅអ័ប្រាហាំ មកធ្វើជាប្រពន្ធថែមទៀត។
10. ឯយ៉ាកុប គាត់ចេញពីបៀរ-សេបា ទៅឯខារ៉ាន
11. បានដល់កន្លែង១ ក៏សំណាក់នៅទីនោះ១យប់ ពីព្រោះថ្ងៃលិចហើយ គាត់យកថ្មនៅទីនោះមកកើយក្បាលដេកលក់ទៅ
12. គាត់យល់សប្តិឃើញថា មានជណ្តើរ១បញ្ឈរនៅលើដី មានចុងទល់នឹងផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ
13. ព្រះយេហូវ៉ាក៏សណ្ឋិតនៅពីលើជណ្តើរ ទ្រង់មានព្រះបន្ទូលថា អញជាព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជីតាឯង ហើយជាព្រះនៃអ៊ីសាក ឯដីដែលឯងដេកនៅនេះ អញនឹងឲ្យដល់ឯង ហើយនឹងពូជឯងតទៅ