លោកុប្បត្តិ 27:9-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ចូរ​ទៅ​ឯ​ហ្វូង​សត្វ យក​កូន​ពពែ​២​យ៉ាង​ល្អ​មក​ឥឡូវ អញ​នឹង​រៀប​ជា​ម្ហូប​ឲ្យ​យ៉ាង​ឆ្ងាញ់​ជូន​ឪពុក​ឯង តាម​ដែល​គាត់​ចូល​ចិត្ត

10. រួច​សឹម​ឯង​យក​ទៅ​ជូន​ឪពុក​ពិសា​ទៅ ដើម្បី​ឲ្យ​គាត់​បាន​ឲ្យ​ពរ​ដល់​ឯង​វិញ មុន​ពេល​ដែល​គាត់​ស្លាប់

11. តែ​យ៉ាកុប​ឆ្លើយ​ទៅ​ម្តាយ​ថា មើល អេសាវ​បង​ខ្ញុំ​មាន​រោម​ដុះ​ស្មូញ‌ស្មាញ តែ​ខ្ញុំ​គ្មាន​ទេ

12. ក្រែង‌លោ​ឪពុក​ស្ទាប​ខ្ញុំ រួច​នឹង​មើល​ទៅ​ដូច​ជា​អ្នក​ឆ‌បោក​ដល់​គាត់ ដូច្នេះ មិន​មែន​នាំ​ឲ្យ​បាន​ពរ​ទេ​គឺ​នឹង​នាំ​ឲ្យ​ខ្ញុំ​ត្រូវ​បណ្តាសា​វិញ

13. នោះ​ម្តាយ​ប្រាប់​ថា កូន​អើយ សូម​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ធ្លាក់​មក​លើ​អញ​វិញ​ចុះ ឲ្យ​ឯង​គ្រាន់​តែ​ស្តាប់​តាម​អញ ហើយ​ទៅ​យក​ពពែ​មក​ឲ្យ​ប៉ុណ្ណោះ

14. គាត់​ក៏​ទៅ​យក​មក រួច​ម្តាយ​តាំង​រៀប​ចាត់‌ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​អ៊ីសាក​ធ្លាប់​ចូល​ចិត្ត

15. រេបិកា​នាង​យក​សំលៀក‌បំពាក់​យ៉ាង​ល្អ​របស់​អេសាវ ជា​កូន​ច្បង ដែល​នៅ​នឹង​នាង​ក្នុង​ផ្ទះ មក​បំពាក់​ឲ្យ​យ៉ាកុប​ជា​កូន​ពៅ​វិញ

16. នាង​ដាក់​ស្បែក​ពពែ​ភ្ជាប់​នៅ​ដៃ ហើយ​នឹង​កញ្ចឹង‌ក​ផង

17. រួច​ប្រគល់​ម្ហូប​ដ៏​ឆ្ងាញ់​នោះ និង​នំបុ័ង​ដែល​បាន​ធ្វើ​ដល់​យ៉ាកុប​ជា​កូន ឲ្យ​ទ្រនាំ​យក​ទៅ។

18. គាត់​ក៏​ចូល​ទៅ​ឯ​ឪពុក​ជំរាប​ថា លោក​ឪពុក​អើយ ឪពុក​ឆ្លើយ​ថា អី​កូន ឯង​ជា​អ្នក​ណា​ហ្នឹង

19. យ៉ាកុប​ឆ្លើយ​ថា ខ្ញុំ​នេះ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក ឥឡូវ​ខ្ញុំ​បាន​ធ្វើ​ដូច​ជា​លោក​ឪពុក​បាន​បង្គាប់​ហើយ អញ្ជើញ​ក្រោក​អង្គុយ​ឡើង​ពិសា​សាច់​ដែល​ខ្ញុំ​បាញ់​មក​ចុះ ដើម្បី​ឲ្យ​លោក​ឪពុក​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ

20. អ៊ីសាក​សួរ​ថា កូន​អើយ ម្តេច​ឡើយ​បាន​ជា​ឯង​រក​បាន​ឆាប់​ដល់​ម៉្លេះ នោះ​គាត់​ឆ្លើយ​ថា ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ឪពុក​ទ្រង់​បាន​ជួយ​ខ្ញុំ

លោកុប្បត្តិ 27