32. នោះអ៊ីសាកឪពុកគាត់សួរថា ចុះឯងជាអ្នកណា គាត់ឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក
33. អ៊ីសាកក៏ញ័រខ្លួនជាខ្លាំងណាស់ ទាំងសួរថា ដូច្នេះ តើអ្នកណាដែលទើបនឹងយកសាច់មកឲ្យអញ ហើយអញបានស៊ីគ្រប់មុខអម្បាញ់មិញ មុនដែលឯងមកនេះ អញក៏ឲ្យពរដល់វាទៅ ហើយវានឹងបានពរមែន
34. កាលអេសាវបានឮពាក្យឪពុកដូច្នោះ នោះគាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា ឱលោកឪពុកអើយ សូមចែកឲ្យពរមកខ្ញុំផង
35. តែគាត់ឆ្លើយថា ប្អូនឯងបានមកដោយឧបាយកលភ្ជែងដណ្តើមយកពរឯងហើយ
36. រួចអេសាវនិយាយថា គេបានដាក់ឈ្មោះវាថា «យ៉ាកុប» ត្រូវណាស់ ព្រោះវាបានដណ្តើមខ្ញុំ២ដងនេះហើយ គឺបានយកអំណាចមរដកបងច្បងរបស់ខ្ញុំម្តង ហើយមើល ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត រួចគាត់សួរថា តើលោកឪពុកគ្មានបំរុងពរណាទុកសំរាប់ឲ្យផងទេឬអី។
37. អ៊ីសាកឆ្លើយទៅអេសាវថា មើល អញបានតាំងឲ្យវាធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាបាវបំរើដល់វា ទាំងឲ្យវាលៀងជីវិតដោយស្រូវ ហើយនឹងស្រាទំពាំងបាយជូរ ដូច្នេះ កូនអើយ តើឲ្យអញធ្វើអ្វីឲ្យឯងទៀត
38. អេសាវគាត់សួរដល់ឪពុកថា លោកឪពុកអើយ តើមានពរតែ១នេះឬអី ឱលោកឪពុកអើយ សូមឲ្យពរដល់ខ្ញុំផង រួចអេសាវក៏ឡើងសំឡេងយំ
39. អ៊ីសាកឪពុកគាត់ក៏ប្រាប់ថា មើល ទីលំនៅឯងនឹងនៅឆ្ងាយពីផលបរិបូរនៃដី ហើយពីទឹកសន្សើមអំពីមេឃ
40. ឯងនឹងរស់នៅដោយសារដាវឯងវិញ ហើយនឹងបំរើដល់ប្អូន តែកាលណាឯងបានផ្តាច់ចំណង នោះនឹងបានដោះនឹមរបស់វាពីកឯងចេញ។
41. អេសាវក៏ស្អប់យ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់សំរេចក្នុងចិត្តថា ថ្ងៃកាន់ទុក្ខឪពុកអញជិតដល់ហើយ នោះអញនឹងសំឡាប់យ៉ាកុបជាប្អូនចោល
42. មានគេនាំយកពាក្យនោះទៅជំរាបដល់រេបិកា រេបិកាក៏ចាត់គេឲ្យទៅហៅយ៉ាកុប ជាកូនពៅមក ប្រាប់ថា មើល អេសាវបងឯងបានកំសាន្តចិត្តពីដំណើរឯងហើយ ដោយសង្ឃឹមថា នឹងសំឡាប់ឯងចោល
43. ដូច្នេះ កូនអើយ ត្រូវស្តាប់តាមអញឥឡូវ ចូរឯងរៀបចំរត់ទៅឯឡាបាន់ជាបងអញនៅខារ៉ានទៅ
44. ហើយនៅជាមួយនឹងគាត់ឲ្យយូរបន្តិច ដរាបដល់បងឯងបាត់ក្តៅក្រហាយ
45. កាលណាបងឯងលែងខឹងនឹងឯង ហើយភ្លេចពីការដែលឯងបានធ្វើដល់វា នោះអញនឹងចាត់ឲ្យទៅនាំឯងពីនោះមកវិញ ក្រែងអញបាត់ឯងទាំង២ចេញ នៅថ្ងៃតែ១។
46. នោះរេបិកានិយាយទៅអ៊ីសាកថា ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះកូនស្រីនៃសាសន៍ហេតទាំងនេះបើកាលណាយ៉ាកុបយកប្រពន្ធ ក្នុងពួកកូនស្រីសាសន៍ហេត ដូចជាពួកកូនស្រីស្រុកនេះដែរ នោះតើឲ្យខ្ញុំនៅរស់ធ្វើអ្វីទៀត។