20. អ៊ីសាកសួរថា កូនអើយ ម្តេចឡើយបានជាឯងរកបានឆាប់ដល់ម៉្លេះ នោះគាត់ឆ្លើយថា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃលោកឪពុកទ្រង់បានជួយខ្ញុំ
21. អ៊ីសាកនិយាយទៅយ៉ាកុបថា កូនអើយ ចូរឯងមកជិត ដើម្បីអញនឹងស្ទាបឯងមើលឲ្យដឹង បើឯងជាអេសាវកូនអញពិតមែន
22. យ៉ាកុបក៏ចូលទៅជិតអ៊ីសាកឪពុកខ្លួន ហើយគាត់ស្ទាបមើល រួចនិយាយថា សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃអេសាវពិត
23. គាត់មិនបានជាសំគាល់ទេ ដ្បិតដៃនោះមានរោមដូចជាដៃអេសាវជាបងដែរ ដូច្នេះ គាត់ក៏ឲ្យពរ
24. តែគាត់បញ្ជាក់ថា ឯងជាអេសាវកូនអញពិតមែនឬអី រួចយ៉ាកុបឆ្លើយថា ខ្ញុំពិតមែនហើយ
25. នោះគាត់និយាយថា ចូរដាក់ម្ហូបជិតអញមក ឲ្យអញស៊ីសាច់ដែលឯងបានបាញ់ ដើម្បីឲ្យអញបានឲ្យពរដល់ឯង យ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយគាត់ក៏ពិសាទៅ រួចយកស្រាទំពាំងបាយជូរមកជូនដែរ គាត់ក៏ពិសាទៀត
26. អ៊ីសាកឪពុកគាត់ប្រាប់ថា ឥឡូវនេះ ចូរឯងមកថើបអញ កូនអើយ
27. យ៉ាកុបក៏ចូលទៅថើប ហើយគាត់ក៏ធុំក្លិនសំលៀកបំពាក់នោះ រួចគាត់ឲ្យពរថា មើល ក្លិនកូនអញដូចជាក្លិននៃវាល ដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ
28. សូមឲ្យព្រះទ្រង់ប្រទានសន្សើមពីលើមេឃ ហើយផលពីផែនដី ជាស្រូវ និងស្រាទំពាំងបាយជូរជាបរិបូរដល់ឯង
29. ឲ្យមាននគរនានាបំរើដល់ឯង ហើយសាសន៍ផ្សេងៗក្រាបចុះចំពោះឯង ឲ្យឯងបានជាចៅហ្វាយលើបងប្អូនឯង ហើយឲ្យកូនពោះមួយនឹងឯងបានក្រាបគោរពដល់ឯងដែរ សូមឲ្យត្រូវបណ្តាសាដល់អ្នកណាដែលផ្តាសាឯង ហើយឲ្យបានពរដល់អ្នកណាដែលឲ្យពរឯង។
30. កាលអ៊ីសាកបានឲ្យពរដល់យ៉ាកុបរួចជាស្រេច ហើយយ៉ាកុបចេញពីអ៊ីសាក ជាឪពុក ទៅសឹងតែមិនទាន់ នោះអេសាវជាបងក៏វិលមកពីបាញ់សត្វវិញ
31. គាត់បានរៀបម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជំរាបថា អញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់មក ដើម្បីនឹងបានឲ្យពរដល់ខ្ញុំ
32. នោះអ៊ីសាកឪពុកគាត់សួរថា ចុះឯងជាអ្នកណា គាត់ឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក
33. អ៊ីសាកក៏ញ័រខ្លួនជាខ្លាំងណាស់ ទាំងសួរថា ដូច្នេះ តើអ្នកណាដែលទើបនឹងយកសាច់មកឲ្យអញ ហើយអញបានស៊ីគ្រប់មុខអម្បាញ់មិញ មុនដែលឯងមកនេះ អញក៏ឲ្យពរដល់វាទៅ ហើយវានឹងបានពរមែន
34. កាលអេសាវបានឮពាក្យឪពុកដូច្នោះ នោះគាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា ឱលោកឪពុកអើយ សូមចែកឲ្យពរមកខ្ញុំផង
35. តែគាត់ឆ្លើយថា ប្អូនឯងបានមកដោយឧបាយកលភ្ជែងដណ្តើមយកពរឯងហើយ
36. រួចអេសាវនិយាយថា គេបានដាក់ឈ្មោះវាថា «យ៉ាកុប» ត្រូវណាស់ ព្រោះវាបានដណ្តើមខ្ញុំ២ដងនេះហើយ គឺបានយកអំណាចមរដកបងច្បងរបស់ខ្ញុំម្តង ហើយមើល ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត រួចគាត់សួរថា តើលោកឪពុកគ្មានបំរុងពរណាទុកសំរាប់ឲ្យផងទេឬអី។
37. អ៊ីសាកឆ្លើយទៅអេសាវថា មើល អញបានតាំងឲ្យវាធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាបាវបំរើដល់វា ទាំងឲ្យវាលៀងជីវិតដោយស្រូវ ហើយនឹងស្រាទំពាំងបាយជូរ ដូច្នេះ កូនអើយ តើឲ្យអញធ្វើអ្វីឲ្យឯងទៀត
38. អេសាវគាត់សួរដល់ឪពុកថា លោកឪពុកអើយ តើមានពរតែ១នេះឬអី ឱលោកឪពុកអើយ សូមឲ្យពរដល់ខ្ញុំផង រួចអេសាវក៏ឡើងសំឡេងយំ
39. អ៊ីសាកឪពុកគាត់ក៏ប្រាប់ថា មើល ទីលំនៅឯងនឹងនៅឆ្ងាយពីផលបរិបូរនៃដី ហើយពីទឹកសន្សើមអំពីមេឃ