24. ហើយនៅយប់នោះឯង ព្រះយេហូវ៉ាទ្រង់លេចមកឯគាត់មានព្រះបន្ទូលថា អញជាព្រះនៃអ័ប្រាហាំឪពុកឯង ដូច្នេះ កុំឲ្យខ្លាចអ្វីឡើយ ពីព្រោះអញនៅជាមួយ ហើយនឹងឲ្យពរទាំងចំរើនពូជឯងឲ្យច្រើនឡើង ដោយព្រោះអ័ប្រាហាំជាអ្នកបំរើអញ
25. រួចគាត់ស្អាងអាសនា១នៅស្រុកនោះក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា គាត់ដំឡើងត្រសាលនៅទីនោះ ហើយពួកបាវគាត់ក៏ជីកអណ្តូង១នៅកន្លែងនោះដែរ។
26. ឯអ័ប៊ីម៉្មាឡិច អ័ហ៊ូសាតជាសំឡាញ់ទ្រង់ និងភីកុលជាមេទ័ពទ្រង់ ក៏ចេញពីកេរ៉ាទៅឯគាត់
27. នោះអ៊ីសាកសួរថា ហេតុអ្វីបានជាមកឯទូលបង្គំ ដ្បិតទ្រង់ស្អប់ទូលបង្គំហើយ បានទាំងបណ្តេញទូលបង្គំចេញផង
28. គេឆ្លើយតបថា យើងបានឃើញជាក់ច្បាស់ថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងអ្នក បានជាយើងបាននិយាយគ្នាថា គួរឲ្យយើងតាំងសម្បថចំពោះគ្នាទៅវិញទៅមក ឥឡូវ យើងសូមតាំងសញ្ញានឹងអ្នកថា
29. អ្នកនឹងមិនធ្វើអាក្រក់ដល់យើងឡើយ ដូចជាយើងក៏មិនបានពាល់ដល់អ្នកដែរ គឺយើងបានប្រព្រឹត្តចំពោះតែសេចក្ដីណាដែលល្អដល់អ្នកប៉ុណ្ណោះ យើងបានឲ្យអ្នកចេញមកដោយសេចក្ដីសុខសាន្ត ឥឡូវនេះ អ្នកជាមនុស្សមានព្រះពរនៅចំពោះព្រះយេហូវ៉ា
30. នោះគាត់រៀបជប់លៀងដល់គេ ហើយក៏បរិភោគទាំងអស់គ្នាទៅ
31. លុះព្រលឹមស្រាងកាលណា នោះក៏ក្រោកឡើងស្បថនឹងគ្នាទៅវិញទៅមក រួចអ៊ីសាកបញ្ជូនអ័ប៊ីម៉្មាឡិចទៅ ហើយទ្រង់ក៏ចេញពីគាត់ទៅដោយមេត្រីចិត្ត