1. សម័យនោះ មានកើតអំណត់នៅក្នុងស្រុកផ្សេងពីអំណត់ជាន់មុន ដែលកើតមាននៅជំនាន់អ័ប្រាហាំ ហើយអ៊ីសាក គាត់ទៅឯអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីននៅកេរ៉ា
2. នោះព្រះយេហូវ៉ាលេចមកឯគាត់មានព្រះបន្ទូលថា កុំឲ្យចុះទៅឯស្រុកអេស៊ីព្ទឡើយ ចូរឯងនៅក្នុងស្រុកដែលអញនឹងប្រាប់ឯងវិញ
3. ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯង និងពូជឯង ហើយអញនឹងសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង
4. អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ហើយនឹងឲ្យស្រុកទាំងនេះទៅពូជឯង រួចគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរ ដោយសារពូជឯង
5. ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ និងបញ្ញត្ត ហើយច្បាប់ និងក្រឹត្យវិន័យរបស់អញ។
6. នោះអ៊ីសាកក៏នៅក្នុងស្រុកកេរ៉ា
7. ហើយមនុស្សនៅស្រុកនោះគេសួរពីដំណើរប្រពន្ធគាត់ នោះគាត់ប្រាប់ថា គឺជាប្អូនខ្ញុំទេ ដ្បិតគាត់ខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធឡើយ ក្រែងមនុស្សស្រុកនោះសំឡាប់គាត់ដោយព្រោះរេបិកា ព្រោះនាងមានរូបស្រស់ល្អណាស់
8. កាលគាត់បាននៅស្រុកនោះជាយូរទៅ អ័ប៊ីម៉្មាឡិច ស្តេចសាសន៍ភីលីស្ទីន ក៏ទតតាមបង្អួចមក ឃើញអ៊ីសាកកំពុងប្រឡែងនឹងរេបិកាជាប្រពន្ធ
9. អ័ប៊ីម៉្មាឡិចទ្រង់ហៅអ៊ីសាកមកសួរថា នេះប្រាកដជាប្រពន្ធអ្នកពិត ហេតុដូចម្តេចបានជាអ្នកនិយាយថា នាងជាប្អូនវិញដូច្នេះ រួចអ៊ីសាកទូលឆ្លើយថា ពីព្រោះទូលបង្គំនឹកខ្លាចក្រែងទូលបង្គំត្រូវស្លាប់ដោយព្រោះនាង
10. អ័ប៊ីម៉្មាឡិចមានព្រះបន្ទូលតបថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ ក្រែងមានពួករាស្ត្រណាមួយបានរួមដំណេកជាមួយនឹងប្រពន្ធអ្នក យ៉ាងនោះនឹងនាំឲ្យយើងទាំងអស់គ្នាមានទោសដែរ
11. រួចអ័ប៊ីម៉្មាឡិចទ្រង់ហាមដល់រាស្ត្រទាំងអស់ថា អ្នកណាដែលពាល់មនុស្សនេះ ឬប្រពន្ធគាត់ នោះនឹងត្រូវសំឡាប់ជាពិត។
12. អ៊ីសាកគាត់ក៏សាបព្រោះនៅស្រុកនោះ ហើយនៅឆ្នាំនោះឯងគាត់បានផល១ជា១រយភាគឡើងដោយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ