លោកុប្បត្តិ 26:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សម័យ​នោះ មាន​កើត​អំណត់​នៅ​ក្នុង​ស្រុក​ផ្សេង​ពី​អំណត់​ជាន់​មុន ដែល​កើត​មាន​នៅ​ជំនាន់​អ័ប្រា‌ហាំ ហើយ​អ៊ីសាក គាត់​ទៅ​ឯ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្តេច​សាសន៍​ភីលីស្ទីន​នៅ​កេរ៉ា

2. នោះ​ព្រះ‌យេហូវ៉ា​លេច​មក​ឯ​គាត់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូរ​ឯង​នៅ​ក្នុង​ស្រុក​ដែល​អញ​នឹង​ប្រាប់​ឯង​វិញ

3. ចូរ​សំណាក់​នៅ​ក្នុង​ស្រុក​នេះ​ចុះ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ព្រម​ទាំង​ឲ្យ​ពរ​ផង អញ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ដល់​ឯង និង​ពូជ​ឯង ហើយ​អញ​នឹង​សំរេច​តាម​សេចក្ដី​សម្បថ ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ​ឪពុក​ឯង

4. អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ទៅ​ពូជ​ឯង រួច​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ ដោយ‌សារ​ពូជ​ឯង

5. ពី​ព្រោះ​អ័ប្រា‌ហាំ​បាន​ស្តាប់​តាម​ពាក្យ​អញ ព្រម​ទាំង​រក្សា​បញ្ញើ និង​បញ្ញត្ត ហើយ​ច្បាប់ និង​ក្រឹត្យ‌វិន័យ​របស់​អញ។

6. នោះ​អ៊ីសាក​ក៏​នៅ​ក្នុង​ស្រុក​កេរ៉ា

7. ហើយ​មនុស្ស​នៅ​ស្រុក​នោះ​គេ​សួរ​ពី​ដំណើរ​ប្រពន្ធ​គាត់ នោះ​គាត់​ប្រាប់​ថា គឺ​ជា​ប្អូន​ខ្ញុំ​ទេ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​ប្រាប់​ថា​ជា​ប្រពន្ធ​ឡើយ ក្រែង​មនុស្ស​ស្រុក​នោះ​សំឡាប់​គាត់​ដោយ​ព្រោះ​រេបិកា ព្រោះ​នាង​មាន​រូប​ស្រស់​ល្អ​ណាស់

8. កាល​គាត់​បាន​នៅ​ស្រុក​នោះ​ជា​យូរ​ទៅ អ័ប៊ី‌ម៉្មា‌ឡិច ស្តេច​សាសន៍​ភីលីស្ទីន ក៏​ទត​តាម​បង្អួច​មក ឃើញ​អ៊ីសាក​កំពុង​ប្រឡែង​នឹង​រេបិកា​ជា​ប្រពន្ធ

9. អ័ប៊ី‌ម៉្មា‌ឡិច​ទ្រង់​ហៅ​អ៊ីសាក​មក​សួរ​ថា នេះ​ប្រាកដ​ជា​ប្រពន្ធ​អ្នក​ពិត ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​និយាយ​ថា នាង​ជា​ប្អូន​វិញ​ដូច្នេះ រួច​អ៊ីសាក​ទូល​ឆ្លើយ​ថា ពី​ព្រោះ​ទូល‌បង្គំ​នឹក​ខ្លាច​ក្រែង​ទូល‌បង្គំ​ត្រូវ​ស្លាប់​ដោយ​ព្រោះ​នាង

10. អ័ប៊ី‌ម៉្មា‌ឡិច​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ ក្រែង​មាន​ពួក​រាស្ត្រ​ណា​មួយ​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​អ្នក យ៉ាង​នោះ​នឹង​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ទោស​ដែរ

លោកុប្បត្តិ 26