8. កាលគាត់បានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ នោះផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិគាត់វិញ
9. រួចអ៊ីសាក និងអ៊ីសម៉ាអែលជាកូនក៏បញ្ចុះសពគាត់នៅក្នុងរអាងម៉ាក់ពេឡា នាចំការអេប្រុនកូនសូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ
10. ជាចំការដែលអ័ប្រាហាំបានទិញពីពួកកូនចៅហេតមក គឺនៅទីនោះហើយដែលបានបញ្ចុះសពអ័ប្រាហាំ និងសារ៉ាជាប្រពន្ធ។
11. ក្រោយដែលអ័ប្រាហាំស្លាប់ទៅ នោះព្រះទ្រង់ប្រទានពរឲ្យអ៊ីសាកជាកូនគាត់ អ៊ីសាកក៏នៅត្រង់អណ្តូងឡាហាយ-រយ។
12. នេះជាដំណវង្សពីអ៊ីសម៉ាអែល ជាកូនអ័ប្រាហាំដែលហាការសាសន៍អេស៊ីព្ទ ជាបាវស្រីរបស់សារ៉ាបានបង្កើតឲ្យគាត់
13. ហើយនេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីសម៉ាអែល តាមឈ្មោះ តាមដំណគេ កូនច្បងរបស់អ៊ីសម៉ាអែល គឺនេបាយ៉ូត រួចកេដារ អ័ឌប្អែល មីបសាម
14. មីសម៉ា ឌូម៉ា ម៉ាសា
15. ហាដាឌ់ ថេម៉ា យេធើរ ណាភីស ហើយកេតម៉ា
16. នោះឯងជាពួកកូនរបស់អ៊ីសម៉ាអែល ហើយនឹងឈ្មោះគេតាមភូមិតាមទីដំឡើងត្រសាលរបស់គេ គឺជាចៅហ្វាយ១២នាក់ តាមសាសន៍គេ
17. ឯចំនួនឆ្នាំអាយុរបស់អ៊ីសម៉ាអែលទាំងអស់បាន១៣៧ឆ្នាំ រួចគាត់ផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិរបស់គាត់វិញ
18. ឯពូជគាត់ទាំងនោះគេអាស្រ័យនៅ ចាប់តាំងពីហាវីឡារហូតដល់ស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ គាត់ក៏ស្លាប់នៅចំពោះមុខនៃពួកបងប្អូនគាត់ទាំងអស់គ្នា។
19. ហើយនេះជាដំណវង្ស ពីអ៊ីសាក ជាកូនអ័ប្រាហាំ គឺអ័ប្រាហាំបានបង្កើតអ៊ីសាក
20. ឯអ៊ីសាក កាលយករេបិកាជាកូនបេធូអែលសាសន៍អើរ៉ាម ជាអ្នកនៅស្រុកប៉ាដាន់-អើរ៉ាម ដែលនាងជាប្អូនឡាបាន់មកធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ
21. អ៊ីសាកគាត់សូមអង្វរដល់ព្រះយេហូវ៉ាពីដំណើរប្រពន្ធគាត់ ពីព្រោះនាងជាស្ត្រីអារ ហើយព្រះយេហូវ៉ាទ្រង់ទទួលព្រមតាម រួចនាងក៏មានទំងន់
22. ឯកូនក្នុងផ្ទៃនាងវាប្រធាក់គ្នា នាងក៏និយាយថា បើដូច្នេះ តើនឹងកើតមានជាដូចម្តេចទៅ រួចនាងទៅទូលសួរដល់ព្រះយេហូវ៉ា
23. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់នាងថា មាននគរ២នៅក្នុងផ្ទៃឯង គឺនឹងមានសាសន៍២ចេញពីពោះឯងមក សាសន៍១នឹងបានខ្លាំងជាងសាសន៍១ គឺកូនច្បងនឹងត្រូវបំរើប្អូន។
24. លុះនាងគ្រប់ខែហើយ នោះមើល មានកូនភ្លោះតាំងនៅក្នុងផ្ទៃនាង